មានអ៊ីចឹងទៀត! មគ្គុទ្ទេសក៍ចិនម្នាក់ជេរភ្ញៀវដូចស៊ីបាយ ខឹងរឿងនាំមកដើរលេងហើយ តែទិញអីវ៉ាន់ទៅវិញតិចពេក
ថ្មីៗនេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅប្រទេសចិន ក្រោយផ្ទុះការវែកញែករិះគន់យ៉ាងខ្លាំងទៅលើស្រីម្នាក់ជា Guide ដែលបានបោះសម្តីជេរភ្ញៀវនៅលើឡានក្រុង ព្រោះតែខឹងរឿងពួកគេនាំគ្នាទិញអីវ៉ាន់បានតិចពេក។
តាមព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុនទេសចរណ៍ចិនមួយបានរៀបចំដំណើរកម្សាន្តឱ្យភ្ញៀវមួយក្រុមដែលមានគ្នា ៥២ នាក់ ទៅទស្សនាតំបន់ទេសចរណ៍នៅ Tianjin ប្រទេសចិន ដោយមានស្ត្រីម្នាក់ជាមគ្គុទ្ទេសក៍។ ស្រ្តីរូបនេះបាននាំភ្ញៀវទាំងអស់ទៅកន្លែងលក់ទំនិញមួយនៅទីក្រុង Taiyuan ប៉ុន្តែភ្ញៀវមិនបានទិញអ្វីច្រើនឡើយ ដោយចំណាយអស់ត្រឹម ៩០០ យ័ន ឬ ប្រហែល ១២៣ ដុល្លារប៉ុណ្ណោះ ព្រោះមិនសូវមានអីវ៉ាន់ដែលពេញចិត្ត។
យ៉ាងណាមិញ ក្រោយឡើងមកដល់លើឡានក្រុងវិញ ស្រ្តីជាមគ្គុទ្ទេសក៍បានកើតការច្រឡោតតូង ព្រមទាំងជេរភ្ញៀវផាំងៗដោយសម្តីមិនគប្បីថាវាជារឿងគួរឱ្យខ្មាសដែលភ្ញៀវបានចំណាយលុយតិចបែបនេះ វាដូចជាការមិនឱ្យកិត្តិយសដល់ក្រុង Taiyuan សោះ។ លើសពីនេះទៅទៀត ស្រ្តីមគ្គុទ្ទេសក៍រូបនេះក៏បានបង្ខំឱ្យភ្ញៀវចុះទៅទៅចំណាយលុយទិញអីវ៉ាន់ឱ្យអស់ ២០០០ យ័ន ឬ ប្រហែល ២៧៥ ដុល្លារទៀត សឹមត្រឡប់មកឡើងឡានវិញ។
ក្រោយពីរឿងនេះត្រូវបានចែកចាយទៅខាងអាជ្ញាធរផ្នែកវប្បធម៌ និង ទេសចរណ៍ប្រចាំតំបន់បានចុះទៅស៊ើបសួរ ដោយដឹងថាស្រ្តីមគ្គុទ្ទេសក៍នេះមិនមានអាជ្ញារប័ណ្ណត្រឹមត្រូវឡើយ ហើយបើសិនជានាងខុសមែន នាងនឹងប្រឈមនឹងការពិន័យជាប្រាក់ចំនួន ៣០០០០ យ័ន ឬ ប្រហែលជា ៤០០០ ដុល្លារឯណោះ៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ Khaosod