នៅតំបន់ត្រីកោណពិសេស ថៃ ឡាវ មីយ៉ាន់ម៉ា មានករណីលិចទូកដឹកអ្នកចំណាកស្រុកនៅកណ្តាលទន្លេមេគង្គ បាត់ខ្លួនមនុស្ស ៣០ នាក់
នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៤ នេះ សារព័ត៌មាន Khaosod របស់ថៃ បានរាយការណ៍ពីករណីលិចទូកអ្នកចំណាកស្រុកមួយគ្រឿងនៅកណ្តាលទន្លេមេគង្គ បណ្តាលឱ្យមនុស្ស ៣០ នាក់ បាត់ខ្លួនរកមិនទាន់ឃើញ។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងកាលពីល្ងាចថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ នៅទន្លេមេគង្គ ម្តុំជិតតំបន់ត្រីកោណពិសេស នាស្រុក Ton Pheung ខេត្ត Bokeo ប្រទេសឡាវ ដែលតំបន់នេះនៅជាប់តំបន់ Chiang Saen ប្រទេសថៃ និង តំបន់ Tachileik របស់ប្រទេសមីយ៉ាន់។ ទូកលិចនោះគឺមានផ្ទុកមនុស្សចំនួន ៤០ នាក់ សុទ្ធជាអ្នកចំណាកស្រុកជនជាតិមីយ៉ាន់ម៉ា បានមកធ្វើខុសច្បាប់នៅក្នុងតំបន់ពិសេស ហើយព្យាយាមត្រលប់ចេញពីប្រទេសឡាវ ទៅប្រទេសរបស់ខ្លួនវិញ។
យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា ទូកផ្សេងៗនៅក្បែរនោះជួយសង្រ្គោះបានមនុស្សត្រឹមតែ ១០ នាក់ប៉ុណ្ណោះ ចំណែកឯ ៣០ នាក់ទៀតនៅបាត់ខ្លួនមិនទាន់រកឃើញនៅឡើយ ហើយអាជ្ញាធរប្រចាំតំបន់ក៏កំពុងតែបន្តភារកិច្ចក្នុងការតាមរក និង ជួយសង្រ្គោះអ្នកដែលបាត់ខ្លួនផងដែរ៕