អីយ៉ាស់! គី សាវីន បេក្ខជន Cambodian Idol លេចមុខក្នុងកម្មវិធីសម្ពោធហាងអ្នកកាត់ដេរល្បី សុផល
ប្រិយមិត្តបានស្គាល់រួចមកហើយ គី សាវីន គឺជាបេក្ខជនដ៏លេចធ្លោមួយរូបក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៥ ដោយកាលវគ្គដំបូង សាវីន បានលើកយកបទ «អនអើយស្រីអន» មកបកស្រាយយ៉ាងពីរោះ ធ្វើឱ្យគណៈកម្មការ ក៏ដូចជាទស្សនិកជនពេញចិត្តយ៉ាងខ្លាំង។
មុនចូលប្រកួតកម្មវិធីប្រឡងចម្រៀងដ៏ធំមួយនេះ សាវីន គឺមានអាជីពជាអ្នកចម្រៀងបែបបុរាណដូចជាភ្លេងការ មហោរី ឬស្លូតជាដើម ដែលទឹកដមសំឡេងរបស់ សាវីន ពិតជាផ្អែមពីរោះ ពោរពេញដោយមនោសញ្ចេតនាធ្វើឱ្យអ្នកស្ដាប់លន្លង់លន្លោចដក់ជាប់ក្នុងចិត្តអ្នកគាំទ្រ ហើយលោកក៏ជាតារាចម្រៀងប្រចាំវង្សតន្រ្តីបុរាណរបស់អ្នកនាង ខាត់ សួស្ដី ផងដែរ។
លើសពីនេះ គី សាវីន ក៏មានការរាប់អានជាមួយអ្នកស្ថិតក្នុងចង្កោមសិល្បៈជាច្រើនផងដែរ ជាក់ស្ដែងនៅក្នុងកម្មវិធីសម្ពោធហាងថ្មីរបស់អ្នកកាត់ដៃដ៏ល្បី សុផល និង ណុប ដាណេ នៅថ្ងៃទី ៩ ខែកញ្ញា ម្សិលមិញ គេឃើញកំលោះមុខមានមន្តស្នេហ៍ សាវីន បានបង្ហាញវត្តមានចូលរួមទៀតផង ដែលកម្មវិធីនេះ គេក៏ឃើញមានសិល្បករល្បីៗជាច្រើនចូលរួមដូចជាកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ជាដើម។
តាមរយៈបទពិសោធ និង ទឹកដមសំឡេងរបស់ គី សាវីន ត្រូវបានអ្នកគាំទ្ររំពឹងខ្ពស់លើរូបលោក អាចនឹងទទួលបានជោគជ័យលើដំណើរការប្រឡងចម្រៀងដ៏ធំមួយនេះ៕