បុណ្យខួបគម្រប់ ១ ឆ្នាំរបស់ឪពុក តារាចម្រៀង ករុណា ពេជ្រ ទទួលកិត្តិយសពីតារាប្រុសស្រីចូលរួមយ៉ាងកុះករ
បើគិតតាំងពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ រហូតមកដល់ពេលនេះ រយៈពេល ១ ឆ្នាំ ហើយ ដែលតារាចម្រៀង លោក ករុណា ពេជ្រ បានបាត់បង់លោកឪពុកជាទីស្រឡាញ់ គ្មានថ្ងៃត្រលប់។
ក្នុងនោះ កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ តារាចម្រៀងខាងលើក៏បានរៀបចំពិធីបុណ្យគម្រប់ ១ ឆ្នាំ ជូនលោកឪពុកយ៉ាងធំដុំ ដោយរៀបចំចាត់ចែងយ៉ាងសម្រិតសម្រាំងបំផុត ដោយក្នុងនោះសូម្បីតែរោងពិធីក៏លោកបានរៀបចំតុបតែងផ្កាស្រស់រំលេចយ៉ាងទាក់ទាញផងដែរ។
តួយ៉ាង ដល់ពេលវេលាទទួលស្វាគមន៍ភ្ញៀវចូលរួមបុណ្យគម្រប់ ១ ឆ្នាំ របស់លោកឪពុក មហាជនបានសង្កេតឃើញថា លោក ករុណា ពេជ្រ ហាក់ទទួលបានភាពកក់ក្តៅយ៉ាងខ្លាំង នៃក្តីស្រឡាញ់រាប់អានពីបណ្តាមិត្តទាំងក្នុង និង ក្រៅរង្វង់សិល្បៈ ដែលបានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី។
ក្នុងនោះ គេឃើញមានទាំងអ្នករកស៊ី សិល្បករ សិល្បការិនីគ្រប់ជំនាន់ ព្រមទាំងសិល្បករ សិល្បការិនី ដែលបានស្ងាត់បាត់ពីសិល្បៈ ក៏មានវត្តមានក្នុងពិធីបុណ្យរបស់លោកឪពុក លោក ករុណា ពេជ្រ ដែរ៕