ក្តៅៗ ថៃគ្រោងនឹងដាក់ក្រមា «Pha Khao Ma» ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីអង្គការយូណេស្កូ
សារព័ត៌មាន The Laotian Times បានចុះផ្សាយនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ នេះថា មន្ត្រីរដ្ឋាភិបាលថៃមួយរូបបាននិយាយកាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅថា រដ្ឋាភិបាលថៃគ្រោងនឹងចុះបញ្ជីក្រណាត់ទេសឯក ឬ ក្រមា «Pha Khao Ma» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដើម្បីផ្សព្វផ្សាយវប្បធម៌ថៃទៅទូទាំងពិភពលោក។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Buraphachaisri ក៏បានប្រកាសទៀតថា នាយករដ្ឋមន្ត្រី Prayut Chan-o-cha មានការចាប់អារម្មណ៍ជាខ្លាំង ចំពោះការសម្តែងរបស់អ្នករាំថៃដែលស្លៀកសម្លៀកបំពាក់ប្រពៃណីនៅដើមខែឧសភានេះក្នុងទិវារបាំពិភពលោកនៅទីក្រុងហ្សាកាតា ដោយអ្នករាំនោះមិនត្រឹមតែទទួលបានសំឡេងហ៊ោកញ្ជ្រៀវពីទស្សនិកជនទេ ថែមទាំងមានជនបរទេសជាច្រើនបានសុំចុចរូបថតជាមួយពួកគេទៀតផង។
មិនតែប៉ុណ្ណោះ បើតាមលោក Anucha បានបន្ថែមទៀតថា ឧត្តមសេនីយ Prayut ជឿជាក់ថា ក្រមា «Pha Khao Ma» អាចលើកកម្ពស់ប្រទេស និង វប្បធម៌ថៃ ដ៏សម្បូរបែបរបស់ខ្លួនទៅទូទាំងពិភពលោក ដោយការសម្តែងលើកទី ១ បានបង្ហាញពីរបៀបដែលអ្នកភូមិថៃស្លៀកពាក់ Pha Khao Ma ក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ហើយការសម្តែងលើកទី ២ មានអ្នករាំស្លៀកសម្លៀកបំពាក់ប្រពៃណីមកពីប្រទេសថៃ។
ទន្ទឹមនឹងនេះលោក Anucha បានលើកឡើងទៀតថា ៖ «នាយករដ្ឋមន្ត្រីបានស្នើសុំកិច្ចសហប្រតិបត្តិការពីស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាពង្រីក និង ជំរុញ Pha Khao Ma ឱ្យមានការទទួលស្គាល់ទូទាំងពិភពលោក» ហើយលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រក្រណាត់ទេសឯកនេះ ដើម្បីចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីដោយអង្គការយូណេស្កូ។
គួរបញ្ជាក់ដែរថា តាមប្រភពដដែលបានឱ្យដឹងទៀតថា ខុទ្ទកាល័យថៃបានពិចារណារួចរាល់ហើយក្នុងការចុះបញ្ជី Pha Khao Ma ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីជាមួយអង្គការយូណេស្កូ កាលពីខែកុម្ភៈឆ្នាំ ២០២៣ នេះ៕
រូបភាពដោយ ៖ The Nation Thailand
ប្រភព ៖ The Laotian Times