មានករណីដ៏គួរឱ្យហួសចិត្តមួយ បានកើតឡើងនៅប្រទេសថៃ ដោយមានបុរសភេទទីបីម្នាក់បានទៅប្តឹងប៉ូលិសថាបាត់កូនសោឡាន តែនៅសុខស្រាប់តែដកគ្រឿងញៀនបង្ហាញប៉ូលិស មានអីត្រូវគេក្របួចជាប់។
តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ ដោយមានបុរសជាភេទទីបីម្នាក់អាយុប្រហែល ៣១ ឆ្នាំ បានចូលទៅប្តឹងប៉ូលិសនៅប៉ុស្តិ៍មួយកន្លែងនាស្រុក Bang Lamung ខេត្តឈុនបុរី។ បុរសជាភេទបីរូបនេះ បានចូលទៅទាំងអាការមិននឹងនរ គឺស្រែកឡូឡាក្រឡុកពេញប៉ុស្តិ៍ ដូចជាមនុស្សជក់ថ្នាំ ដែលធ្វើឱ្យប៉ូលិសៗឈឺក្បាលទាំងប៉ុស្តិ៍តែម្តង។
ក្នុងនោះ ប៉ូលិសបានព្យាយាមសួរនាំបុរសរូបនេះ តែនៅសុខៗគេក៏បានដកថ្នាំញៀនពីក្នុងកាបូបមកបង្ហាញប៉ូលិស ទើបប៉ូលិសក៏បានធ្វើការឃាត់ខ្លួនភ្លាមៗ រួចប្រមូលភស្តុតាងដែលមានដូចជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ១០.២៦ ក្រាម រួមជាមួយនឹងម្ជុលចំនួន ១១ ដើមទៀត ហើយក៏បញ្ជូនខ្លួនបុរសរូបនេះទៅសាកសួរបន្តទៀត៕
ប្រភព៖ AMARINTV