មាន សូនីតា លេងឈុតធំ ជួលទូកឯកជនផ្តិតយកទិដ្ឋភាពសេះសមុទ្រ និង នាឡិកាយក្ស ជួលផ្សព្វផ្សាយទេសចរណ៍ខេត្តកំពត
ជាការពិតណាស់ មហាជនតាមដានតារាស្រី មាន សូនីតា ច្បាស់ជាបានជ្រាបហើយពីងាររបស់នាង ដែលត្រូវបានមហាជនហៅថា «រាជិនីក្រមា» ក៏ព្រោះតែនាង ជាចំណែកមួយយ៉ាងសកម្មក្នុងការជួយផ្សព្វផ្សាយក្រមាខ្មែរទៅកាន់អន្តរជាតិ ព្រមទាំងបើកហាងផ្ទះស្រលាញ់ ដែលច្នៃសម្លៀកបំពាក់ និង របស់ប្រើប្រាស់ផ្សេងៗពីក្រមា។
លើសពីនោះ រាជិនីក្រមា មាន សូនីតា មិនត្រឹមតែបានបង្ហាញនូវក្រមាតែម្យ៉ាងនោះទេ តែនាងក៏បានជួយសហគមន៍ស្ត្រីឱ្យមានការងារធ្វើពីការតម្បាញក្រមាផងដែរ។
ជារឿយៗ កញ្ញា មាន សូនីតា តែងបង្ហាញនូវក្រមាខ្មែរតាមរយៈសម្លៀកបំពាក់ ដោយបូករួមទាំងបែបបុរាណ និង សម័យផង ហើយចំណុចទាំងនេះ បានធ្វើឱ្យនាងទទួលបានការចាប់អារម្មណ៍ និង ក្លាយជាតារាស្រីរមែងបង្ហាញនូវ Fashion ក្រមាដល់មហាជន។
យ៉ាងណាមិញ ថ្មីៗនេះ កញ្ញា មាន សូនីតា បានបង្ហាញការច្នៃម៉ូដពីក្រមាយ៉ាងស្រស់សោភាជាថ្មី ក្នុង Concept ថ្មីរបស់នាងនាដងព្រែក ខេត្តកំពត។ ជាងនេះទៅទៀត អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំង គឺតារាស្រីរូបនេះ បានឈរថតសម្ញែងរាងយ៉ាងស្រស់សោភាលើទូកឯកជនមួយ ផ្តិតយករូបភាពសេះសមុទ្របាញ់ទឹក និង នាឡិកាយក្សនាខេត្តកំពតទៀតផង។
ក្នុងនោះ ការបង្ហាញស្ទីលថតថ្មីមួយបែបនេះដែរ មាន សូនីតា មិនត្រឹមតែទទួលបានការសរសើរពីការច្នៃប្រតិដ្ឋនៃម៉ូដសម្លៀកបំពាក់តែម្យ៉ាងនោះទេ តែមហាជនបានសរសើរដល់នាងថា លើកនេះ មាន សូនីតា បានរួមចំណែកក្នុងការបង្ហាញតំបន់ទេសចរណ៍ក្នុងខេត្តកំពតទៅកាន់ពិភពលោកទៀតផង៕