រូបរាងប្រែប្រួលរបស់ Park Bom អតីតសមាជិក 2NE1 នៅតែជាប្រធានបទក្តៅរបស់អ្នកគាំទ្រ
កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២២ រូបភាពរបស់តារាចម្រៀង Park Bom អតីតសមាជិក 2NE1 បានបន្តទាក់ទាញការចាប់អារម្មណ៍ពីមហាជនយ៉ាងច្រើន ទាំងរូបថត និង វីដេអូខ្លះៗរបស់តារាស្រីរូបនេះ អំឡុងពេលថតសម្ដែងក្នុងការប្រគំតន្រ្តី «Popstival ឆ្នាំ ២០២២» នៅប្រទេសហ្វីលីពីន។ ថ្មីៗនេះ បានមានការចែករំលែកច្រើនបន្តបន្ទាប់ ធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាមួយនឹងការឡើងទម្ងន់របស់អតីតសមាជិកក្រុម 2NE1 រូបនេះ។
យ៉ាងណាមិញ កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ មុនថ្ងៃប្រគំតន្រ្តី Park Bom បានបង្ហោះរូបថត Selfie នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់នាង។ ពេលនោះ នាងពិតជាមានភាពទាក់ទាញខ្លាំង ដោយសារតែទម្រង់មុខខុសពីរូបថតដែលបានថតកាលពី ១ ខែមុន។
ទោះជាយ៉ាងណាក៏ដោយ ប្រភពរូបថតពី fancam នៅក្នុងប្រគំតន្រ្តី «Popstival ឆ្នាំ ២០២២» បានបង្ហោះចេញ ធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាមួយនឹងរូបរាងប្រែប្រួលខ្លាំងរបស់ Park Bom។ ជាមួយគ្នានោះ សមាគមន៍អនឡាញភាគច្រើនមានការភ្ញាក់ផ្អើល សឹងមិនជឿ បើធៀបនឹងការបង្ហាញខ្លួនលើកចុងក្រោយរបស់នាងនៅលើឆាកនៅប្រទេសកូរ៉េខាងត្បូង។
ទោះជាយ៉ាងណា ក៏មានមតិខ្លះនិយាយថា Park Bom នៅតែរក្សាសម្រស់ដូចតុក្កតា សំឡេងនៅតែពីរោះ ហើយរូបរាងមិនសំខាន់ប៉ុន្មាននោះទេ។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន Park Bom បានស្រកទម្ងន់ដោយជោគជ័យពី ៧០kg មក ៥៩kg ហើយនាងបានត្រឡប់មកឧស្សាហកម្មកម្សាន្តវិញជាមួយនឹងរាងស្លីមស្អាតជាងមុន។
ដូចដែលអ្នកគាំទ្របានដឹងមកហើយ កាលពីឆ្នាំ ២០១៤ Park Bom បានបង្ហើបប្រាប់ជាសាធារណៈថា នាងបានលេបថ្នាំ ដោយសារតែមានជំងឺ lymphadenitis មូលហេតុនេះហើយទើបបានជារូបរាងប្រែប្រួល និង គីឡូរបស់នាងឡើងចុះមិនប្រក្រតី៕