ក្ដៅៗ! មុននេះ មន្ទីរពេទ្យគន្ធបុប្ឆា បកស្រាយហើយ ពាក់ព័ន្ធករណីក្មេងស្រីបាត់បង់ជីវិត
កាលពីពេលថ្មីៗនេះ តាមរយៈគណនីមួយដែលមានឈ្មោះ Boun Pheara បានបញ្ជាក់ពីការបាត់បង់កូនស្រីជាទីស្រឡាញ់របស់ខ្លួន ជាមួយទុក្ខសោកយ៉ាងក្រៀមក្រំ ព្រមទាំងបានចេញវីដេអូ រៀបរាប់ជាច្រើនពាក់ព័ន្ធមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
ចំពោះរឿងនេះ នៅព្រឹកថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២២ នេះ មន្ទីរពេទ្យគន្ធបុប្ផា បានចេញព័ត៌មានបញ្ជាក់ពីករណីមរណៈភាពក្មេងស្រីដែលមានឈ្មោះថា ខន រ៉ានី យ៉ាងដូច្នេះថា មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានពិនិត្យ និង ពិគ្រោះជំងឺកុមារី ខន រ៉ានីកា អាយុ ២ ឆ្នាំ ៨ ខែ ដែលអាណាព្យាបាល បានយកមកពិនិត្យនៅផ្នែកពិគ្រោះជំងឺក្រៅ នៅថ្ងៃទី ១៧ តុលា ២០២២ ម៉ោង ១៤ និង ៣០ នាទី។
ក្រោយការពិនិត្យ គ្រូពេទ្យបានសន្និដ្ឋានថា កុមារីនេះមិនមានរោគសញ្ញានៃជំងឺធ្ងន់ធ្ងរ ដែលត្រូវដាក់ឱ្យសម្រាកពេទ្យនោះទេ ដោយគ្រូ ពេទ្យ បានផ្តល់ថ្នាំសម្រាប់ព្យាបាលនៅផ្ទះចំនួន ៣ ថ្ងៃ។ ជាទូទៅ និង ជារៀងរាល់ថ្ងៃ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ មានកុមារមកពិគ្រោះជំងឺប្រមាណជិត ២០០០ នាក់ ដែល ៨០% នៃកុមារទាំងនោះ ត្រូវបានផ្ដល់ថ្នាំឱ្យចំនួន ៣ ថ្ងៃ (Ambulatory Treatment) ហើយដែលក្នុងរយៈពេលនេះ អ្នកជំងឺអាចត្រឡប់មកវិញគ្រប់ពេល បើមានរោគ សញ្ញាប្រែប្រួល។
ខាងមន្ទីរពេទ្យ ក៏បានបញ្ជាក់ទៀតថា ក្នុងករណីកុមារី ខន រ៉ានីកា នេះ អាណាព្យាបាល បាននាំទៅបន្តការព្យាបាលនៅពេទ្យឯកជន ដោយបានទទួលថ្នាំ លេប និង ព្យួរសេរ៉ូម (តាមសំដីជីដូន)។ បន្ទាប់មក ជីដូន បាននាំចៅមកមន្ទីរពេទ្យគន្ធបុប្ផាវិញ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ៨ យប់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ដែលត្រូវសង្គ្រោះបន្ទាន់ (Cardio-Respiratory Failure)។ ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ បានខិតខំប្រឹងប្រែងជួយសង្គ្រោះកុមារីតូចនេះ អស់ពីសមត្ថភាព អស់រយៈពេលជាង ៣ ម៉ោង ជាអកុសល គ្រូពេទ្យមិនអាចសង្គ្រោះកុមារីនេះបាន ដែលជាការសន្និដ្ឋាន គ្រូពេទ្យអាចយល់ថាការវិវត្តយ៉ាងឆាប់រហ័សនៃស្ថានភាពជំងឺរហូតដល់មរណៈភាពភ្លាមៗមុន ២៤ ម៉ោង ដោយពុំបានរំពឹងទុក ជាករណីដ៏កម្របំផុតលើកុមារ ដែលគេហៅថា៖ Sudden Infant Death Syndrome (SIDS)- La Mort Subite inopinée de l’enfant៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖