វីដេអូស្ដែងៗ! ពលរដ្ឋថតជាប់ទិដ្ឋភាពអាចម៍ផ្កាយទំហំ ១ ម៉ែត្រធ្លាក់បំភ្លឺផ្ទៃមេឃនៅហ្វីលីពីន
អាចម៍ផ្កាយមួយទំហំ ១ ម៉ែត្រ បានធ្លាក់ជះពន្លឺដ៏ឆ្វាចពាសពេញផ្ទៃអាកាសជិតកោះ Luzon ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ នេះបើតាមការបញ្ជាក់ពីអង្គការ NASA។ អាចម៍ផ្កាយនេះដែរ ខាងទីភ្នាក់ងារអវកាសអឺរ៉ុបបានប៉ាន់ប្រមាណថាបានធ្លាក់ចុះមកនៅវេលាម៉ោង ១០ និង ១០ នាទីយប់ (ពេលវេលាក្នុងប្រទេសហ្វីលីពីន) ។
ខាង Catalina Sky Survey បានរកឃើញអាចម៍ផ្កាយនេះដោយដំបូងឡើយដាក់ឈ្មោះឱ្យថា «CAQTDL2» ប៉ុន្តែក្រោយមកក៏ប្ដូរឈ្មោះទៅជា «2024 RW1» វិញ។ បើតាមទីភ្នាក់ងារអវកាសអឺរ៉ុបបានប៉ាន់ប្រមាណឱ្យដឹងថា អាចម៍ផ្កាយក្នុងទំហំប្រមាណ ១ ម៉ែត្រ នឹងធ្លាក់មកលើភពផែនដីរាល់ ២ សប្ដាហ៍ម្ដង តែយ៉ាងណាវាកម្រនឹងប្រទះឃើញណាស់មុនពេលវាធ្លាក់មកប៉ះភពផែនដីនោះ។
គួរបញ្ជាក់ថា អាចម៍ផ្កាយ 2024 RW1 នេះគឺជាអាចម៍ផ្កាយទី ០៩ ដែលមនុស្សអាចប្រទះឃើញមុនពេលធ្លាក់មកដល់ផែនដី នេះបើតាមការបង្ហោះរបស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) លើបណ្ដាញសង្គម X។ អាចម៍ផ្កាយនេះដែរគឺមិនបង្កហានិភ័យអ្វីឡើយដល់មនុស្សលោក ព្រោះថាវាមានទំហំតូចទម្រាំធ្លាក់មកដល់ដីអាចនឹងមានការឆេះកម្ទេចអស់ខ្លះហើយ៕
ប្រភព៖ CNN