ផ្ទុះការរិះគន់ព្រាត! តួស្រីក្នុងរឿង F4 កូរ៉េ នាំកូនអាយុទើប ៥ ឆ្នាំឡើងភ្នំទឹកកកកម្ពស់ជិត ២០០០ ម៉ែត្រ
កាលពីពេលថ្មីៗនេះ តួសម្ដែងស្រីក្នុងរឿង «Boys Over Flowers» អ្នកនាង Lee Si Young បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលខ្លាំង នៅពេលដែលបានឃើញការបង្ហោះរូបថតបង្ហាញពីដំណើរកម្សាន្តជាលក្ខណៈគ្រួសារឡើងលើកំពូលភ្នំ Halla កម្ពស់ជិត ១៩៥០ ម៉ែត្រ ជាភ្នំក្រាលដោយព្រិលទឹកកកសក្បុស។
ភ្លាមនោះ មនុស្សជាច្រើននៅលើប្រព័ន្ធអនឡាញបានរិះគន់មិនសំចៃមាត់ទៅលើតារាស្រី Lee Si Young ថា បំពានកម្លាំងលើកុមារ នៅពេលដែលនាងឱ្យកូនប្រុសអាយុ ៥ ឆ្នាំឡើងលើកំពូលភ្នំទឹកកកដែលមានកម្ពស់ជិត ២០០០ ម៉ែត្រនេះ។
បើទោះបីជា កំពុងរងមតិរិះគន់យ៉ាងចាស់ដៃពីសំណាក់សាធារណជនក៏ដោយ តារាស្រី Lee Si Young ក៏បានចេញមុខបកស្រាយនៅលើ YouTube ផ្ទាល់ខ្លួនរបស់នាង ឱ្យមហាជនបានដឹងពីបំណងរបស់នាងថា៖ «ក្នុងនាមជាម្ដាយ ខ្ញុំបានគិតពីអារម្មណ៍របស់កូនខ្ញុំជាមុនរួចមកហើយ។ ខ្ញុំក៏បានសួរកូនរហូតដែលថា តើកូនត្រជាក់ទេពេលឡើងភ្នំ?»។
លើសពីនេះ តារាស្រីរូបនេះ បានបន្តរៀបរាប់អំពីមូលហេតុដែលនាងបានសម្រេចចិត្តឡើងភ្នំជាមួយនឹងកូនប្រុសអាយុ ៥ ឆ្នាំ ទៀតថា៖ «នេះជាអ្វីដែលខ្ញុំចង់ធ្វើទាន់ខ្ញុំនៅមានជីវិត ហើយការឡើងភ្នំជាមួយ Jung Yoon បើសិនជាឱ្យខ្ញុំរង់ចាំដល់ ៥ ឆ្នាំទៀតដើម្បីឱ្យកូនប្រុសខ្ញុំអាចដើរឡើងបានដោយខ្លួនឯង នៅពេលនោះខ្ញុំប្រហែលជាចាស់ហើយ ដូច្នេះខ្ញុំចង់ឡើងភ្នំជាមួយកូន ទាន់ខ្ញុំនៅមានកម្លាំង កូនខ្ញុំនៅក្មេង បែបនេះហើយទើបខ្ញុំត្រូវដាក់គេជិះពីក្រោយខ្នង ព្រោះគេទើបតែមានទម្ងន់ ២០ គីឡូទេ»។
យ៉ាងណាមិញ ក្នុងវីដេអូនោះ តារាស្រីវ័យ ៤០ ឆ្នាំរូបនេះ បានបញ្ជាក់ទៀតថា ការឡើងភ្នំទឹកកកនេះ នាងក៏បានសួរទៅកូនប្រុស ១០ ដងហើយ ហើយគេក៏បានយល់ព្រមទាំង ១០ ដងដែរ ថាចង់ឡើងភ្នំជាមួយនាង៕