កំពូលកូន! ម៉ែឪដើររកបន់មេឃបន់ដី រកចុះរកឡើងតាមពិតកូនពៅលួចចូលក្នុងប្រដាប់គ្របម្ហូបពួនធ្វើមិនដឹង
ថ្មីៗនេះ សារព័ត៌មាន SAOstar បានរាយការណ៍ពីរឿងរ៉ាវដ៏គួរឱ្យហួសចិត្តមួយរបស់ឪពុកម្តាយមួយគូនៅប្រទេសវៀតណាម ដែលនៅសុខៗបានបាត់កូនពីផ្ទះឈឹង តាមរកយ៉ាងណាក៏មិនឃើញ ខំតែភ័យបន់មេឃបន់ដី តែតាមពិតកូនជើងល្អលួចទៅពួននៅក្នុងប្រដាប់គ្របម្ហូប។
ឪពុកម្តាយបានឱ្យដឹងថា កូនប្រុសរបស់ខ្លួនជាក្មេងរពិសខ្លាំងណាស់ ហើយនៅថ្ងៃកើតហេតុវេលាប្រមាណ ៨ ព្រឹក នៅសុខៗកូនប្រុសក៏បាត់ខ្លួនពីក្នុងផ្ទះ ដើររកយ៉ាងណាក៏មិនឃើញ រហូតនាំគ្នាភ័យតក់ស្លុត។ យ៉ាងណាមិញ ឪពុកម្តាយនៅសល់ជម្រើសមួយគឺបើកកាមេរ៉ាសុវត្ថិភាពនៅក្នុងផ្ទះមើល ក៏ស្រាប់តែឃើញកូនប្រុសជើងល្អរបស់ខ្លួន បានចូលទៅពួននៅក្នុងប្រដាប់គ្របម្ហូបនៅលើតុ ដោយមិនមាត់មិន-កសោះ។
ឪពុកម្តាយហួសចិត្តមិននឹកស្មានថាកូននឹកឃើញទៅពួនក្នុងនោះឡើយ ហើយក៏បាននាំគេចេញពីប្រដាប់គ្របម្ហូបនោះយ៉ាងប្រញាប់ប្រញាល់ ព្រោះខ្លាចកូនមានគ្រោះថ្នាក់ ហើយជាសំណាងល្អកូនប្រុសមិនមានគ្រោះថ្នាក់អ្វីឡើយ។ ក្រោយពីរឿងនេះត្រូវបានចែកចាយទៅ មានមហាជនជាច្រើនបានមកចូលរួមបញ្ចេញមតិ ជាពិសេសម្នាក់ៗគឺដាស់តឿនឱ្យឪពុកម្តាយគ្រប់រូប ប្រយ័ត្នមែនទែនជាមួយនឹងកូនរបស់ខ្លួន ជាពិសេសគឺកូនដែលរពឹសខ្លាំង៕