ស្រគត់ស្រគំ ថ្លៃថ្នូរ! ពេជ្រ វត្តីសារ៉ាវឌ្ឍី និង ប៊ី សុធារី ស្លៀកពាក់សមសួនចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋព្រឹកមិញ
នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ នេះ គឺជាថ្ងៃគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប ១២ ព្រះវស្សា ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែលព្រះអង្គបានយាងចូលទិវង្គតកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ វេលាម៉ោង ១ និង ២០ នាទីយប់ (ម៉ោងនៅកម្ពុជា) នៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្ម ៩០ ព្រះវស្សា ដោយជរាពាធ។
ក្នុងនោះ នៅថ្ងៃនេះ មានថ្នាក់ដឹកនាំ ស្ថាប័នរដ្ឋ ឯកជន ក៏ដូចជាប្រជាជនកម្ពុជា ទាំងក្នុងក្រៅប្រទេស ក៏រៀបចំ និង បានចូលរួមកម្មវិធីគោរពថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ ១២ ឆ្នាំ នៅឯព្រះបរមរូបព្រះបរមរតនកោដ្ឋ ក្បែរវិមានឯករាជ្យផងដែរ។
ជាក់ស្តែង សមាគមសិល្បករខ្មែរ ដែលមានប្រធានសមាគមន៍ គឺលោកជំទាង អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានដឹកនាំសិល្បករ សិល្បការិ ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធខួបលើកទី ១២ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ដែរ។
ក្នុងចំណោមសិល្បករ សិល្បការិនី ជាច្រើនរូប មហាជន អ្នកគាំទ្រក៏បានចាប់អារម្មណ៍ទៅកាន់បវកញ្ញាដ៏ស្រស់សោភា ២ រូប គឺ កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង កញ្ញា ប៊ី សុធារី ក៏មានវត្តមានក្នុងពិធីនេះដែរ ដោយបវរកញ្ញា ទាំង ២ រូប បានស្លៀកឈុតប្រពៃណីសមសួន ស្រគត់ ស្រគំ ថ្លៃថ្នូរគួរឱ្យចាប់អារម្មណ៍ណាស់ ធ្វើឱ្យមហាជនកោតសរសើរខ្លាំង៕