(វីដេអូ) ចៃដន្យ! យប់មិញ បញ្ញា ត្រូវជម្រុះចេញពីកម្មវិធី MasterChef ចំថ្ងៃពិសេសរបស់លោក
អ្នកគាំទ្រនិយមទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី ៣ កាលពីសប្តាហ៍មុន គឺសប្តាហ៍ទី ១៥ ច្បាស់ជាបានជ្រាបមកហើយថា ក្រោយពីបាន Save បន្ទាប់ពីជម្រុះពីកម្មវិធីហើយនោះ បេក្ខជន សីលាបញ្ញា និង បេក្ខជន កែន វង្សច័ន្ទរស្មី តម្រូវឱ្យប្រកួតគ្នាដណ្ដើមអៀមស នៅសប្តាហ៍ទី ១៦។
ក្នុងនោះ សម្រាប់សប្តាហ៍ទី ១៦ បេក្ខជន បញ្ញា និង បេក្ខជន រស្មី ត្រូវធ្វើជាប្រធានក្រុម ដឹកនាំក្រុមឱ្យបានល្អ ដោយចំណោមអ្នកទាំង ២ បើម្នាក់ណា ដឹកនាំក្រុមបរាជ័យ ម្នាក់នោះនឹងត្រូវជម្រុះចេញពីកម្មវិធីតែម្តង។
ជាក់ស្តែង ក្រោយពីបានក្លាយទៅជាប្រធានក្រុម ដឹកនាំក្រុម ដើម្បីដណ្តើមយកអៀមសត្រឡប់មកវិញនោះ លទ្ធផលក្រុមរបស់បេក្ខជន រស្មី ជាអ្នកទទួលជ័យជម្នះ ខណៈក្រុមក្រហមរបស់ បញ្ញា បរាជ័យ ហើយលោកក៏ជាអ្នកចាកចេញពីការប្រកួតដែរ។ រីឯកូនក្រុម ៥ នាក់ ផ្សេងទៀតរបស់ បញ្ញា ក៏ត្រូវប្រកួតប្រជែងគ្នាជាបន្ត ដោយចុងក្រោយបេក្ខជន តាំង យូជីញ ក៏ជាអ្នកចាកចេញពីកម្មវិធីមួយរូបទៀត។
ដោយឡែក ក្រឡេកមកមើលបេក្ខជន បញ្ញា ដែលត្រូវបានចាកចេញនៅសប្តាហ៍ទី ១៦ នេះ បានធ្វើឱ្យអ្នកគាំទ្រកាន់តែមានការសោកស្តាយលើសដើម បន្ទាប់ពីលោកបានឱ្យដឹងថា ថ្ងៃដែលកម្មវិធីបានចាក់ផ្សាយពីការចាកចេញរបស់លោក គឺជាថ្ងៃកំណើតរបស់លោក។
ក្នុងនោះ លោក បញ្ញា បានបង្ហោះសាររៀបរាប់ថា៖ «ខ្ញុំមិននឹកស្មានថាសប្តាហ៍ ដែលត្រូវចាកចេញពីកម្មវិធី ចំថ្ងៃខួបកំណើតសោះ! តែមិនអីទេ ឆ្នាំនេះពិតជាមានន័យលើសឆ្នាំណាៗទាំងអស់ ព្រោះឆ្នាំនេះទទួលបានការស្រលាញ់ ចូលចិត្ត និង គាំទ្រច្រើនពីបងប្អូនទាំងអស់គ្នា ជាពិសេស បានជួប បានស្គាល់ជាមួយបងប្អូន ដែលជាបេក្ខជនប្រកួត MasterChef ទាំងអស់ ទោះបីជាមកពីទីកន្លែងផ្សេងគ្នាមែន តែអរគុណសម្រាប់ការមើលថែគ្នាកន្លងមក។ ជាពិសេសសូមអរគុណទៅកាន់គណៈកម្មការទាំង ៣ ដែលតែងតែផ្តល់ដំបូន្មាន និង បង្ហាត់បង្រៀនបទពិសោធល្អៗមកកាន់ខ្ញុំ»៕
សូមទស្សនាវីដេអូខាងក្រោម៖