ព្រឺសម្បុរ! បង្ហាញប្រវត្តិពិតត្រួសៗ ព្រាយក្រឡាភ្លើង ក្នុងជំនឿដូនតាខ្មែរដែលគ្រប់គ្នាខ្លាចរអាមិនចង់ជួប
តើប្រិយមិត្តអ្នកអានធ្លាប់ឮពីរឿងនិទានព្រាយក្រឡាភ្លើងទេ? នៅក្នុងកម្រងសាវតាអរូប និង នរវិទ្យា ឯកសារស្តីពីទំនៀមទម្លាប់ និង ជំនឿរបស់ខ្មែរ ចាស់បុរាណខ្មែរយើងជឿលើអារក្ស អ្នកតា និង អមនុស្ស ជាពិសេសខ្មោចអារក្សរបស់ខ្មែរគឺមានច្រើនប្រភេទច្រើនសណ្ឋាន គួរឲ្យចាប់អារម្មណ៍ក្រៃលែង។ ថ្ងៃនេះ «ប្រជាប្រិយ» សូមពាំនាំអារម្មណ៍ប្រិយមិត្តមកស្គាល់ប្រភេទអរូបមួយប្រភេទរបស់ខ្មែរយើង ដែលមានឈ្មោះថា ព្រាយក្រឡាភ្លើង ដើម្បីជ្រាប និង សិក្សាស្វែងយល់ឲ្យកាន់តែស៊ីជម្រៅថា តើព្រាយក្រឡាភ្លើងគឺជាអ្វី?
ព្រាយក្រឡាភ្លើង គឺជាអរូបភេទស្រីមួយប្រភេទ ដែលអ្នកភូមិ ឬ ប្រជាជនខ្មែរអ្នកមានជំនឿហៅតគ្នាថា ខ្មោចម្តាយដើម។ អមនុស្សនាមព្រាយក្រឡាភ្លើងនេះ យកជីវិតតែក្មេងតូចៗដែលជិតកើត ដល់អាយុ ៦ ខួប តែប៉ុណ្ណោះ។
តាមជំនឿបែបផ្លូវងងឹត អ្នកខ្លះថា «ព្រាយក្រឡាភ្លើង» មកពីម្តាយ ឬ គ្រួសារអ្នកជំងឺនិយាយខុសមាត់ ខុសពាក្យ ទើបព្រាយចូលបណ្ដាលឲ្យប្រកាច់។ ដូច្នេះត្រូវយកអ្នកជំងឺទៅវត្តសូត្រមន្ត ស្រោចទឹក ទើបព្រាយចេញទៅវិញ។
តាមឯកសារផ្សេងទៀត ខ្មែរយើងធ្លាប់ជឿថា ទារកដែលកើតមកចាប់កំណើតលើលោក មានម្តាយនាពេលបច្ចុប្បន្នផង និង ម្តាយកាលពីជាតិមុនផង។ ម្តាយពីជាតិមុនដូនតាយើងហៅថា ម្តាយដើម។ ចាស់បុរាណខ្មែរយើងជឿថា ខ្មោចម្តាយដើមនៅតែស្រឡាញ់កូនស្ងួនជានិច្ច ហើយរិះរកគ្រប់វិធីគ្រប់កាលៈទេសៈដើម្បីយកកូនខ្លួនទៅវិញ។ កាលណាបើខ្មោចម្តាយដើមនោះធ្វើវាបានសម្រេច បានន័យថាទារកនោះនឹងស្លាប់។
ដូចច្នេះជីវិតទារកពេលជិតនឹងចាប់កំណើតគឺប្រទាញប្រទង់គ្នារវាងម្តាយដើម និង ម្តាយពេលបច្ចុប្បន្ន (ម្តាយថ្មី)។ ទំនៀមទម្លាប់ពីបុរាណខ្មែរយើង ជាពិសេសម្តាយបច្ចុប្បន្ននឹងរកគ្រប់វិធីដើម្បីរក្សាកូន និង រកវិធីគ្រប់យ៉ាងដើម្បីញុំាងឲ្យកូនមានអាយុជីវិតយ៉ឺនយូរ មានសុខភាពល្អ និង អាចរស់រហូតដល់ចាស់។ ដូចច្នេះ នៅសម័យបុព្វកាល ដើម្បីទប់ទល់នឹងការដណ្តើមទៅវិញរបស់ម្តាយដើមនោះ រាល់ពេលកូនកើតមកភ្លាមគេយកកូននោះ រកគ្រូដើម្បីខាកស្តោះ ផ្តាច់កូននោះពីម្តាយដើម។ គ្រូដែលស្តោះផ្លុំទារកពេលកើត គេហៅគ្រូនោះថា គ្រូសម្តោះ ។ ជួនកាលស្តោះហើយ ក្មេងនោះឈឺ គេរកគ្រូទាយគន់គូរទៅឃើញថា ខុសគ្រូសម្តោះ គេតម្រូវឲ្យរៀបរណ្តាប់សែនគ្រូសម្តោះនោះទើបជា បើមិនដូចច្នោះទេ ទារកដែលខុសគ្រូនោះ នឹងត្រូវស្កន់ជាន់ ដោយគេជឿថាជំងឺនេះស្កន់នេះ កើតឡើងដោយសារម្តាយដើមក្មេងរកកូនឃើញ និង យកវាទៅវិញបានសម្រេច គេប្រសិទ្ធនាមជំងឺនេះថា ស្កន់ម្តាយដើម។
បច្ចុប្បន្ន ស្កន់ម្តាយដើម ត្រូវបានគេហៅឈ្មោះថ្មីថា តេតាណុសទារក ដោយក្បួនវេជ្ជសាស្ត្រថា ដោយសារកង្វះខាតក្បួនអនាម័យ លើរបស់របរប្រើប្រាស់ ក្នុងពេលឆ្លងទន្លេមិនស្អាត កន្ត្រៃកាត់ទងផ្ចិតទារកមានច្រែះ និង មិនបានស្ងោររម្ងាប់មេរោគ ហើយក្រចកដៃឆ្មបមិនមានការលាងសម្អាតត្រឹមត្រូវ ជាដើម។
ពាក្យព្រាយក្រឡាភ្លើងនេះមិនមានលក្ខណៈវិទ្យាសាស្ដ្រទេ។ ជំនឿ ព្រាយក្រឡាភ្លើង ដែលមានទាំងការផ្សព្វផ្សាយក្នុងភាពយន្តនោះ បច្ចេកទេសវេជ្ជសាស្ត្របានច្រានចោលថា នេះជារឿងមួយមិនពិតទេ ហើយជំនឿស៊ប់បែបនេះថែមទាំងអាចធ្វើឲ្យបាត់បង់ជីវិតស្ត្រីជាម្ដាយ និងអ្នកជំងឺថែមទៀតផង។
ពាក្យនេះអាចធ្វើឱ្យលោកអ្នកមួយចំនួនគិតដល់រឿងអប្បិយជំនឿ ព្រោះមានពាក្យថា ព្រាយ ប៉ុន្ដែដោយសារក្រុមអ្នកវិទ្យាសាស្ត្រខ្មែរយើងមិនទាន់រកពាក្យអ្វីមួយជំនួស ក៏ឈ្មោះវេជ្ជសាស្ត្រក៏នៅតែបន្ដប្រើពាក្យនេះដដែលដើម្បីឱ្យប្រជាពលរដ្ឋងាយយល់។ ផ្ទុយទៅវិញ ព្រាយក្រឡាភ្លើង គឺជាជំងឺមួយដែលឧស្សាហ៍ជួបប្រទះ ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជាយើងជាដើម ។
ចំពោះអាការនៃជំងឺព្រាយក្រឡាភ្លើងមានដូចជា សម្ពាធឈាមឡើងខ្ពស់ ប្រូតេអុីនច្រើនក្នុងទឹកនោម ឈឺក្បាលធ្ងន់ មើលមិនឃើញស្រវាំងភ្នែក ឬ ងាយនឹងចាញ់ពន្លឺ ឈឺចាប់ក្នុងពោះ ឡើងទម្ងន់ ០,៩ គីឡូក្នុង ១ សប្តាហ៍ ឈឺក្បែរឆ្អឹងជំនីរខាងស្តាំ នោមទាស់ វិលមុខ ចង់ក្អួត ឬក្អួតចង្អោរ ។
មានតែការពិនិត្យផ្ទៃពោះការវាស់កម្រិតជាតិស្ករ ឬ ជាតិប្រៃក្នុងទឹកនោមនៅពេលពពោះ ព្រមជាមួយនឹងការសម្រាលកូននៅមន្ទីរពេទ្យទេទើបធានាសុវត្ថិភាពសម្រាប់ការការពារជំងឺព្រាយក្រទ្បាភ្លើង និង ជំងឺផ្សេងទៀតដែលអាចកើតមាននៅពេលសម្រាលបាន ៕