ផ្សិតព្រៃខ្មែរមួយប្រភេទនេះ មើលទៅដូចនំអង្គុញអណ្ដែតប្លែកពីគេបន្តិច តែអាចធ្វើបង្អែមញ៉ាំបានយ៉ាងឆ្ងាញ់
ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាចាប់អារម្មណ៍ទៅលើផ្សិតមួយប្រភេទ នៅកម្ពុជា ដែលមានរូបរាងចម្លែកប្លែកគេ នឹងកម្របានឃើញពីមុនមក ដែលផ្សិតប្រភេទនេះ មានរូបរាងដូចទៅនឹងនំអង្គុញអណ្ដែតខ្មែរយើង និង ត្រូវបានគេអះអាង ថា អាចបរិភោគបានទៀតផង។
ទាក់ទិនទៅនឹងផ្សិតដ៏គួរឱ្យចាប់អារម្មណ៍នេះ តាមរយៈផេក ជីវចម្រុះនៃប្រទេសកម្ពុជា បានបញ្ជាក់ឱ្យដឹងថា វាមានឈ្មោះជាភាសាខ្មែរថា ផ្សិតកែវ និងមានឈ្មោះវិទ្យាសាស្ត្រថា Calostoma insigne ខណៈដែលផ្សិតនេះ គឺជាផ្សិតព្រៃម្យ៉ាង ដែលមានលក្ខណៈខុសពីផ្សិតដ៏ទៃ ព្រោះវាមានរូបរាងដូចទៅនឹង នំអង្គុញអណ្តែត។
ផ្សិតប្រភេទនេះ ជាទូទៅមានដុះលូតលាស់ នៅបណ្តាប្រទេសមួយចំនួនមានដូចជា ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កោះប៉ាពួ ញូវជីនៀ ហើយវាក៏ទើបត្រូវបានរកឃើញ នៅប្រទេសកម្ពុជាយើងថ្មីនេះៗផងដែរ គឺនៅក្នុងខេត្តព្រះវិហារ។ មិនតែប៉ុណ្ណោះ ផ្សិតប្រភេទនេះ ត្រូវបានអ្នកខេត្តព្រះវិហារ យកមកធ្វើជាបង្អែមសម្រាប់បរិភោគបាន ខណៈនៅប្រទេសថៃ និងកោះបនេអូ ក៏យកផ្សិតកែវ នេះមកបរិភោគផងដែរ៕
ប្រភព ៖ ជីវចម្រុះនៃប្រទេសកម្ពុជា