ចេះតែក្អកមិនបាត់ជាង ៧ ឆ្នាំ ស្មានថាកើតមហារីកសួត ពេលទៅពេទ្យថតសួតមើល ទើបដឹងការពិតមកពីបែបនេះសោះ!
សារព័ត៌មានចិនមួយបានចែករំលែកពីរឿងរ៉ាវរបស់ស្រ្តីម្នាក់ មានអាការក្អកជាប់គ្នាជាង ៧ ឆ្នាំមិនបាត់សោះ រហូតគិតថាខ្លួនឯងកើតមហារីកសួត តែមូលហេតុពិតនៃការក្អកគឺបណ្តាលមកពីមានម្ទេសស្លាក់ជាប់នៅក្នុងបំពង់ខ្យល់សោះ។
តាមព័ត៌មានបានឱ្យដឹង ស្រ្តីរូបនេះបានចាប់ផ្តើមមានអាការក្អកតាំងពីខ្លួនអាយុ ៣០ ឆ្នាំមកម្ល៉េះ នាងបានរកការព្យាបាលគ្រប់វិធី ប៉ុន្តែគ្រូពេទ្យបានប្រាប់ថាសុខភាពនាងល្អធម្មតា ចំណែកសួតរបស់នាងក៏មិនមានបញ្ហាអ្វីដែរ។ អាការរបស់នាងក៏នៅតែបន្តជារឿយៗ ដែលធ្វើឱ្យនាងអស់សង្ឃឹមជាខ្លាំង រហូតដល់អាយុ ៣៧ ឆ្នាំ នៅថ្ងៃមួយអាការរបស់នាងក៏កាន់តែធ្ងន់ធ្ងរឡើង រហូតដល់នាងសម្រេចចិត្តទៅថតសួតម្តងទៀត ព្រមទាំងបានត្រៀមចិត្តរួចរាល់ទៀតថា ខ្លួនឯងប្រាកដជាកើតមហារីកសួតជាក់ជាមិនខាន។
យ៉ាងណាមិញ ក្នុងការថតលើកនេះ គ្រូពេទ្យបានប្រទះឃើញមានរបស់អ្វីម្យ៉ាងនៅជាប់ត្រង់តំបន់ដើមបំពង់ខ្យល់របស់នាង ហើយគេក៏បានប្រញាប់ធ្វើការវះកាត់។ អ្វីដែលហួសចិត្ត តាមពិតវាគឺជាគ្រាប់ម្ទេសដែលមានប្រវែង ១.២ សង់ទីម៉ែត្រ ដែលវានេះហើយគឺជាមូលហេតុធ្វើឱ្យក្អកមិនបាត់ជាង ៧ ឆ្នាំ។
ដោយឡែក កាលពី ៧ ឆ្នាំមុន នាងធ្លាក់ឈ្លក់នៅពេលញ៉ាំម្ហូបហឹរខ្លាំង តែដោយសារក្រោយពីផឹកទឹករួច អាការក៏ប្រសើរទើបនាងមិនសូវចាប់អារម្មណ៍ ហើយនាងក៏មិននឹកស្មានថាគ្រាន់តែគ្រាប់ម្ទេសនេះវាបានស្លាក់ជាប់នៅក្នុងបំពង់ខ្យល់ និង បានធ្វើឱ្យនាងវេទនាដល់ថ្នាក់នេះនោះដែរ៕