សាងស្នេហ៍ ៧ ឆ្នាំហើយ នី រតនា និង ភរិយា នៅតែផ្អែមល្ហែមដូចគូស្នេហ៍ថ្មីថ្មោង
ពិតណាស់ ជារឿយៗតារាចម្រៀង នី រតនា និង ភរិយាបណ្ដូលចិត្ត តែងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាមួយនឹងសេចក្ដីសុខក្នុងគ្រួសារតូចរបស់ពួកគេ ដែលតែបង្ហាញនៅលើបណ្ដាញសង្គមក្នុងរយៈពេលដែលសាងស្នេហ៍ ៧ ឆ្នាំ និង ចាប់ដៃសាងគ្រួសារជាមួយគ្នាជាង ៣ ឆ្នាំមកនេះ។ ជាពិសេសជាមួយចំណងដៃកូនស្រីដ៏ស្រស់ស្អាត និង គួរឱ្យស្រឡាញ់ម្នាក់ ដែលបានធ្វើឱ្យមហាជនលួចសរសើរនឹងសុភមង្គលពួកគេមិនស្ទើរនោះទេ។
ជាក់ស្ដែង ថ្មីៗនេះ កាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំងទៅទៀតពីជីវិតគ្រួសាររបស់ តារាចម្រៀងប្រុស នី រតនា ក្រោយពីឃើញរូបភាពរបស់លោកជាមួយភរិយា បង្ហោះក្នុងថ្ងៃគម្រប់ខួបស្រឡាញ់គ្នា ៧ ឆ្នាំ ដែលបង្ហាញពីសកម្មភាពយ៉ាងផ្អែមល្ហែមថតរូបជាមួយគ្នាតែពីរនាក់នៅលើរថយន្ត ដោយមិនឃើញមានវត្តមានរបស់កូនស្រី ដែលមើលទៅពិតជាមានភាពរ៉ូមែនទិចខ្លាំងប្រៀបដូចនឹងគូស្នេហ៍ដែលទើបបង្កាត់ភ្លើងស្នេហ៍ថ្មីថ្មោងអ៊ីចឹង។
សកម្មភាពយ៉ាងផ្អែមល្ហែមនេះដែរ ធ្វើឱ្យបណ្ដាអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនរបស់ តារាប្រុសរូបនេះ បានបង្ហាញពីចិត្តលួចច្រណែនគ្រប់ៗគ្នា ពីក្ដីសុខរបស់អ្នកទាំងពីរ ព្រមទាំងបានខមមិនធ្វើការជូនពរដល់អ្នកនាង និង ក្រុមគ្រួសារកាន់តែទទួលបាននូវសុភមង្គលជាងនេះថែមទៀតផងដែរ៕