(វីដេអូ) មិនសូវត្រូវធាតុគ្នា តែលើកនេះ រស្មី និង លីនដា ចាប់ដៃគ្នាធ្វើម្ហូបជាគូបានល្អ វាយបំបុកចូល Top 10 យ៉ាងឡូយ
និយាយពីបេក្ខភាពដ៏ឆ្នើមនៃ MasterChef Cambodia រដូវកាលទី ៣ កញ្ញា រស្មី និង អ្នកនាង លីនដា មហាជនអ្នកទស្សនាធ្លាប់បានដឹងហើយរវាងអ្នកទាំងពីរ ដែលកន្លងមកមិនថាប៉ះគ្នាក្នុងក្រុមជាមួយគ្នា ឬ ប្រកួតក្នុងផ្ទះបាយជារួម គឺអ្នកទាំងពីរមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានទេ ដោយពេលខ្លះនិយាយប៉ះសម្ដីឌឺដងគ្នា និង បញ្ចេញអារម្មណ៍ត្រង់ៗមិនសូវចូលចិត្តអត្តចរិតគ្នាឡើយ។
ដោយឡែក មកដល់សប្ដាហ៍ទី ១៧ នេះ ចំពោះបេក្ខជន កញ្ញា រស្មី និង អ្នកនាង លីនដា កាន់តែធ្វើឱ្យអ្នកគាំទ្រតាមដានជក់ចិត្តខ្លាំង ខណៈអ្នកទាំងពីរបានប៉ះគ្នាជាដៃគូសហការគ្នាក្នុងវិញ្ញាសាប្រកួតក្នុងវគ្គទី ២ ដើម្បីបញ្ចេញស្នាដៃឱ្យបានល្អអាចទៅកាន់តំបន់សុវត្ថិភាព និង ក្លាយជាបេក្ខភាពកំពូល Top 10 បន្តជាមួយកម្មវិធី។
ក្នុងវិនាទីនៃការប្រកួតជាដៃគូនេះ ឃើញថា រស្មី និង លីនដា បានចាប់ដៃសហការគ្នា ទាំងការបញ្ចេញគំនិតលើមុខម្ហូប ផ្លាស់ប្ដូរដៃគ្នាដើម្បីចម្អិន ដ្បិតតែសម្ដីនិយាយមិនសូវត្រូវគ្នា មិនសូវស្រុះស្រួលគ្នាហាក់តឹងទ្រូងរៀងៗខ្លួនមែន ប៉ុន្តែលទ្ធផលនៃការចម្អិនក្នុងវគ្គជាដៃគូនេះ អ្នកទាំងពីរធ្វើបានល្អទាំងការតុបតែងម្ហូប និង រសជាតិ ធ្វើឱ្យគណៈការពេញចិត្តសរសើរផងដែរ៕