មើលតុក្កតាឆ្មាកណ្តុរយូរហើយ មានឆ្ងល់អត់ថា តួអង្គ Tom មានសម្បុរពណ៌ខៀវ ឬ ប្រផេះ?
Tom and Jerry គឺជារឿងគំនូរជីវចលបែបកំប្លែងៗរបស់អាមេរិក ដែលបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៤០ ដោយ William Hanna និង Joseph Barbera។
រឿងតុក្កតាដ៏ល្បីល្បាញនេះដែរ មកទល់បច្ចុប្បន្ន ក៏នៅតែមានអ្នកទស្សនាមិនជិនណាយ មិនថាក្មេងៗ ឬមនុស្សចាស់នោះឡើយ ដោយសារតែភាពរស់រវើករបស់តួអង្គ សកម្មភាពបែបកំប្លែងៗ ដែលធ្វើឱ្យអ្នកទស្សនាជក់ចិត្តមើលមិនចេះធុញ។
បើនិយាយដល់តួអង្គ Tom ដែលជាឆ្មាដ៏ក្រមិចក្រមើម ឧស្សាហ៍ត្រូវបានតួអង្គកណ្តុរ Jerry ធ្វើបាបនោះ Tom ដំបូងឡើយគឺមានឈ្មោះថា «Jasper» នោះទេ ប៉ុន្តែក្រោយមក ក៏ប្ដូរទៅជាឈ្មោះ Tom វិញ ដើម្បីឱ្យស៊ីជាមួយតួអង្គ។
និយាយដល់ Tom ប្រិយមិត្តមានដែលចាប់អារម្មណ៍ និងឆ្ងល់អត់ថា មិច Tom ពេលខ្លះឃើញមានសម្បុរពណ៌ខៀវ ហើយពេលខ្លះក៏ពណ៌ប្រផេះ អ៊ីចឹងតើវាមានពណ៌សម្បុរអ្វីឱ្យប្រាកដ?
តាមពិតទៅ ពណ៌រោមពិតប្រាកដរបស់ Tom គឺមិនមែនខៀវ ហើយក៏មិនមែនប្រផេះដែរ ប៉ុន្តែសម្បុររបស់វា គឺរួមបញ្ចូលគ្នានៃពណ៌ទាំងពីរនោះ។ បើតាមការបញ្ជាក់ពីខាងក្រុមហ៊ុន Metro-Goldwyn-Mayer បានឱ្យដឹងថា Tom គឺជាសត្វឆ្មារោមខ្លី ពណ៌ប្រផេះលាយខៀវ ប៉ុន្តែនៅក្នុងសាច់រឿង ពីមួយជំនាន់ទៅមួយជំនាន់ វាប្រែប្រួលពណ៌ខុសៗគ្នា ដោយសារតែការគូរ និង បច្ចេកទេសទៅតាមពេលវេលានីមួយៗ ទើបពេលខ្លះឃើញ Tom ពណ៌ខៀវ ហើយពេលខ្លះពណ៌ប្រផេះបែបនេះ៕