(វីដេអូ) អាណិតខ្លោចចិត្ត! ទើបអាយុ ៦ ឆ្នាំ តែត្រូវឪពុកបង្កើតបង្ខំឱ្យរត់ហាត់ប្រាណរហូតខ្សោយកម្លាំងអស់ជីវិតចោលម្តាយ
រឿងរ៉ាវនៃការស្លាប់ដ៏គួរឱ្យអាណិតអាសូររបស់ក្មេងប្រុសវ័យទើបតែ ៦ ឆ្នាំម្នាក់ បានធ្វើឱ្យមហាជនជាច្រើនមានការរំជួលចិត្តខ្លាំង ក៏ព្រោះតែមូលហេតុនៃការស្លាប់គឺបណ្ដាលមកពីស្នាដៃរបស់ឪពុកបង្កើតដែលចោទថារូបគេធាត់ពេក ហើយក៏បង្ខំឱ្យរូបគេរត់លើម៉ាស៊ីនហាត់ប្រាណដោយគ្មាសម្រាករហូតទ្រោមខ្លួនដល់បាត់បង់អាយុជីវិត។
តាមព័ត៌មានបានឱ្យដឹងថា ឪពុកចិត្តខ្មៅរូបនោះមានឈ្មោះ Christopher Gregor អាយុ ៣១ ឆ្នាំ ត្រូវបានចាប់ខ្លួនបញ្ជូនឡើងតុលាការក្រោយរងការចោទប្រកាន់ថាបានសម្លាប់កូនប្រុសខ្លួនឯងដែលមានឈ្មោះ Corey Micciolo កាលពីឆ្នាំ ២០២១ កន្លងទៅ ដោយការបង្ខំឱ្យរត់ហាត់ប្រាណលើម៉ាស៊ីនរហូតរងបួសធ្ងន់ធ្ងរមុនឈានដល់ការបាត់បង់ជីវិត។
វីដេអូពីកាមេរ៉ាសុវត្ថិភាពក្នុងកន្លែងហាត់ប្រាណក៏ត្រូវបានបង្ហាញនៅតុលាការផងដែរ ដោយបង្ហាញឱ្យឃើញពីសកម្មភាពដ៏មិនអាចទទួលយកបាននៃឪពុកក្មេងរងគ្រោះដែលបានបង្ខំឱ្យគេរត់លើម៉ាស៊ីនដែលបើកក្នុងល្បឿនលឿន និង សូម្បីតែពេលគេដួលក៏ត្រូវឪពុកឈាមខ្មៅរូបនោះចាប់លើកយកមករត់វិញដោយគ្មានការសម្រាកនោះឡើយ។
តាមការរៀបរាប់ពីស្ត្រីជាម្ដាយដែលមានឈ្មោះថា Breanna Miciolo បានបញ្ជាក់ថា នាងបានចាប់អារម្មណ៍ឃើញស្នាមជាំ និង របួសលើថ្ងាស និង ទ្រូងរបស់កូន ហើយក៏ប្រញាប់នាំកូនទៅពេទ្យពិនិត្យ ហើយក៏រកឃើញថាមិនមានសញ្ញាអ្វីគួរឱ្យបារម្ភនោះឡើយ។ ទៅដល់ពេទ្យក្មេងរងគ្រោះបានទម្លាយប្រាប់ពេទ្យថាឪពុករបស់គេបានឱ្យគេរត់លើម៉ាស៊ីន ព្រោះតែគិតថារូបគេធាត់ពេក។
រហូតមកដល់ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១ ក្មេងតូច Corey បានភ្ញាក់ពីដេកនិយាយសម្ដីស្ដាប់មិនបាន ថែមទាំងដើរវិលៗ ឃើញសភាពកូនមិនស្រួល លោក Gregor ក៏បាននាំកូនទៅមន្ទីរពេទ្យភ្លាមប៉ុន្តែជាអកុសលពេទ្យបានប្រកាសថា Corey បាត់បង់ជីវិតទៅហើយ។
រយៈពេល ៣ ខែក្រោយមក លោក Gregor ក៏ត្រូវបានប៉ូលិសចាប់ខ្លួន ហើយមកដល់ថ្ងៃទី ០៩ ខែមីនា ឆ្នាំ ២០២២ លោកក៏ត្រូវបានកាត់ទោសជុំវិញករណីមនុស្សឃាតលើកូនប្រុសរបស់ខ្លួនឈ្មោះ Corey។ តាមរយៈរឿងរ៉ាវនេះ ទោះបីជាបានកើតឡើងយូរហើយក្ដី ប៉ុន្តែវាបានក្លាយមេរៀនជីវិតមួយ ដែលក្នុងនាមជាឪពុកម្តាយត្រូវយកចិត្តទុកដាក់ឱ្យខ្លាំងបំផុត៕
ប្រភព៖ New York Post