តស់បោះតង់អ្ហី! អ្នកចូលចិត្តបោះតង់គួរដឹង ជំនឿខ្មែរ ៣ យ៉ាងបើមិនចង់មានគ្រោះ ឬស៊យធំ ពេលបោះតង់លេងក្នុងព្រៃ
ប្រសិនជាអ្នកជាជំពូកមនុស្សមានរសនិយម ចូលចិត្តធ្វើដំណើរកម្សាន្ត បោះតង់ សម្រាកលម្ហែ ប្រើប្រាស់ជីវិតជាមួយនឹងធម្មជាតិនៅក្នុងព្រៃ អត្ថបទនេះគឺសម្រាប់ប្រិយមិត្តអ្នកអានជាពិសេស។ នៅសម័យបុព្វកាល អ្នកមានរសនិយមដើរព្រៃសម្រាកលម្ហែរយៈពេលយូរបែបនេះ គេហៅអ្នកនោះថា ថ្មើរព្រៃ។
មនុស្សសម័យដើម ក៏អត់ខុសពីយុវវ័យនាពេលបច្ចុប្បន្នដែលនិយមដើរព្រៃបោះតង់ដែរ កាលពីសម័យមុន ពេលដែលមិនទាន់មានប្រព័ន្ធទំនាក់ទំនងទូលំទូលាយ យុវជនខ្មែរមានគ្នាចាប់ពី ៤ នាក់ ឡើងរសនិយមធ្វើដំណើរចូលព្រៃ ដោយភាគច្រើននៅកណ្តាលព្រៃជ្រៅ ពួកគេដៅគោលដៅ ឬ ចងសញ្ញាមួយ ដូចជាក្រណាត់ ទង់ ឬ សញ្ញាសម្គាល់ ដើម្បីកំណត់ការជួបជុំគ្នា តាមកាលកំណត់មួយជាក់លាក់ រួចដល់កាលកំណត់ពួកគេនឹងមកពីគ្រប់ទីកន្លែងជួបជុំគ្នានៅទីនោះ។
-មនុស្សជំនាន់ដើមនិយមដើរព្រៃ ដោយត្រូវការព្រានព្រៃម្នាក់ដើរជាមួយ ភាគច្រើនជាកសិករ ឬ អ្នកជំនាញដើរព្រៃ ដែលចេះបាលីអាគមដើរព្រៃជាដើម។ ហើយជាធម្មតាព្រានព្រៃទាំងនោះមានឆ្កែមួយទៅពីរក្បាលតាមទៅជាមួយ។ ត្រណមដើរព្រៃ អ្នកមិនអាចឈប់សម្រាកតាមតែអំពើចិត្តបានឡើយ ដរាបណាគេបានជួបគុហា ដែលមានលក្ខណៈសម្បត្តិបីប្រការ ៖
១. ជាទីស្ថានខ្ពស់ ឬ ទីទួល ដែលខ្ពស់ជាងទីណាៗទាំងអស់។
២. ឋិតនៅជិតចំណុចទឹក។
៣. មានកំពែងធម្មជាតិ សម្រាប់ការពារសុវត្ថិភាពថ្មើរព្រៃអាចជារូងធំ មានថ្មគ្របពីលើ ការពារមិនឲ្យទទឹក។
-ថ្មើរព្រៃទាំងអស់គប្បីប្រកាន់ត្រណមព្រៃ ព្រោះគ្រប់ទីកន្លែងសុទ្ធតែមានម្ចាស់ថែរក្សា។ ត្រណមដែលត្រូវកាន់សំខាន់ៗមានជាអាទិ៍គឺ ៖
១. មិនត្រូវនិយាយអ្វីផ្តេសផ្តាស ប៉ះពាល់ដល់អ្នកតាព្រៃភ្នំ អ្នកកំបាំង អ្នកសច្ចំ បង់បត់។
២. មិនពោលពាក្យប្រមាថកាតទានគ្នាឯង ដែលរួមដំណើរជាមួយ ឬ ជេរប្រទេចដាក់បណ្តាសាដោយប្រើពាក្យ ល្វីង ជូរ ចត់។
៣. មិនត្រូវនិយាយពាក្យថា ប្រយ័ត្នវង្វេង ប្រយ័ត្នខ្លាខាំ ខ្លាចខ្មោចលង ប្រយ័ត្នឈឺនេះ ឈឺនោះ ពោលគឺមានសេចក្តីបារម្ភអ្វីក៏ដោយ គេមិនត្រូវ និយាយចេញជាដាច់ខាត។ បើមានឧទានអ្វីមិនល្អចេញមក ដូចពាក្យខ្លះៗខាងលើនេះ ខ្មែរយើងតែងហៅថា ខុសមាត់។
-ជាពិសេសទៅទៀត រាល់ពេលរៀបចំបរិភោគបាយ និង ម្ហូបអាហារបន្តិចៗគ្រប់មុខ ដាក់លើស្លឹកចេក ច្រូចទឹក សែនព្រេងបញ្ជូនថ្វាយទៅអារុក្ខ អារក្ស អ្នកតា បង់បត់ ម្រេញគង្វាលជានិច្ច ដើម្បីសុំសេចក្តីសុខ និង សុំឲ្យបានទទួលលាភពីព្រៃ។ បញ្ហាខុសមាត់នេះ ជួនកាលអាចបង្កឲ្យជួបរឿងអាស្រូវផ្សេងៗដែលពិបាកនឹងដោះស្រាយណាស់ ដូចជាការជួបប្រទះនឹងគ្រោះអកុសល ហើយជួបកាលអាចបណ្តាលគ្រោះថ្នាក់ដល់ជីវិត ជាដើម។
មានព្រានព្រៃខ្លះចេះសូត្របាលីបិទព្រៃដើម្បីលាក់សត្វនៅក្នុងព្រៃនោះ មិនឲ្យចូលតាមក្រោយរកពួកគេឃើញ តែក៏មានអ្នកបរបាញ់ខ្លះគេចូលរកសត្វ រកអត់ឃើញ គេក៏សូត្រគាថាបើកព្រៃវិញក៏មាន ដូច្នេះការគោរពប្រណិបត្តិម្ចាស់ទីកន្លែងជាអ្វីដែលយើងគួរគប្បីកុំរំលោភបំពាន ជាពិសេសសុវត្ថិភាពដែលកើតមានមានតាមរយៈការរក្សាមាត់របស់យើងឲ្យបានល្អពេលដើរព្រៃ៕