នភាល័យ មិត្តជិតដិត សុភ័ក្រ កុសុម៉ា បង្ហើបពីស្នេហា Private របស់អ្នកទាំងពីរ លាក់ជិតឈឹងបានល្អណាស់
ពេលនេះ ជីវិតស្នេហារបស់ពិធីការិនី សុភ័ក្រ កុសុម៉ា កំពុងរីកស្គុសស្គាយដូចផ្កាត្រូវទឹកសន្សើម បន្ទាប់ពីគូស្នេហ៍បណ្ដូលចិត្តរបស់តារាស្រីរូបនេះ បានរៀបគម្រោងយ៉ាងរំភើបសុំនាងរៀបការយ៉ាងរ៉ូមែនទិកបំផុត នៅចំពោះមុខម្ដាយរបស់នាង ក៏ដូចជាមិត្តភក្ដិទាំងអស់ បង្ហាញឱ្យឃើញពីចិត្តស្មោះត្រង់ និង ភាពច្បាស់លាស់ជាមួយគ្នា ចង់កាន់ដៃគ្នាបន្តដំណើររួមគ្នាទៅថ្ងៃអនាគត។
យ៉ាងណាមិញ មុនពេលមិត្តប្រុសរបស់តារាស្រី សុភ័ក្រ កុសុម៉ា លត់ជង្គង់សុំនាងរៀបការ តាមពិតអ្នកទាំងពីរបានបង្កាត់ភ្លើងស្នេហ៍បែប Private ជាមួយគ្នាប្រមាណខ្ទង់ ២ ឆ្នាំមកហើយ ដោយមានតែមិត្តភក្ដិបងប្អូន និង អ្នកជុំវិញខ្លួនដែលជិតដិតនឹងនាងប៉ុណ្ណោះ ដែលបានដឹងពីទំនាក់ទំនងរបស់អ្នកទាំងពីរ ហើយបើតាមការបង្ហើបពីស្រីស្រស់ កុសុម៉ា ផ្ទាល់បានឱ្យដឹងថា អ្នកទាំងពីរស្គាល់គ្នាតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ។
ដោយឡែក បើងាកទៅតារាចម្រៀង គឿន នភាល័យ ដែលជាមិត្តសម្លាញ់ជិតដិតបំផុតនឹងពិធីការិនី សុភ័ក្រ កុសុម៉ា វិញ ថ្មីៗនេះលោកបានបង្ហើបឱ្យដឹងថា តាមពិត កុសុម៉ា និង គូស្នេហ៍ ព្រមទាំងមិត្តភក្ដិទាំងអស់ បានដើរលេងជាក្រុមជាមួយគ្នាច្រើនលើកច្រើនសាមកហើយ ប៉ុន្ដែពួកគេលាក់ទុកជារឿងឯកជនបានជិតល្អណាស់ សូម្បីតែសកម្មភាពក្នុងរូបថត ក៏ដូចជាវីដេអូផ្សេងៗ ក៏កម្រឱ្យជាប់ខាងប្រុសដែរ ព្រោះកាលនោះ អ្នកទាំងពីរនៅជាស្នេហា Private នៅឡើយ ទើបពេលនេះ កុសុម៉ា បានយកសកម្មភាពចាស់ៗរបស់នាង កាលទៅដើរលេងជាមួយគ្នាទើបដឹងថា ដំណើរកម្សាន្តទាំងនោះ មិនដែលបាត់វត្តមានគូស្នេហ៍នាងឡើយ។
ទន្ទឹមនឹងឃើញស្នេហារបស់មិត្តសម្លាញ់ជិតដល់កោះត្រើយ ក្នុងនោះគេក៏ឃើញទំនាក់ទំនងរវាងលោក និង កញ្ញា ជីជី ក៏កាន់តែផ្អែមល្ហែមខ្លាំងឡើងរាល់ថ្ងៃដែរ ខណៈអ្នកគាំទ្រសង្ឃឹមថានឹងបានឮដំណឹងមង្គលឆាប់ៗដូចគ្នា៕