(វីដេអូ) តន់ ចន្ទសីម៉ា ចម្រៀងបទថ្មី «កុលាបមានបន្លា» ត្រូវគេលើកឡើងថាស្ដាប់មិនបាន ច្រៀងបាត់ពាក្យដូចស្រវឹងដាក់អស់ពីរបីកេស
ពិតណាស់ តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មកាឡាក់ស៊ី កញ្ញា តន់ ចន្ទសីម៉ា តែងមានស្នាដៃបទចម្រៀងថ្មីៗបន្តបន្ទាប់ ទាំងក្បាច់រាំថ្មី និង ស្ទីលប្លែកៗទាក់ទាញសម្រាប់បម្រើអារម្មណ៍មហាជនអ្នកគាំទ្រ ដែលសុទ្ធសឹងតែជាបទពេញនិយមគ្រប់ស្រទាប់យុវវ័យ។
ជាក់ស្ដែង មកដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ កៀកថ្ងៃឆ្លងឆ្នាំថ្មីនេះ ក៏បានឃើញតារាចម្រៀងស្រី តន់ ចន្ទសីម៉ា បានបញ្ចេញស្នាដៃ MV បទចម្រៀងថ្មីមួយបទទៀត មានចំណងជើងថា «កុលាបមានបន្លា» ដែលសម្ដែង MV ដោយផ្ទាល់ពីតារាចម្រៀងរូបនេះ និង បង្ហាញនូវក្បាច់រាំថ្មី ស្ទីលថ្មីប្លែកបែបឃ្យូតៗយ៉ាងទាក់ទាញ។
ស្នាដៃ MV បទចម្រៀងថ្មីនេះដែរ ចេញជាផ្លូវការភ្លាម ក៏បានឃើញមហាជនអ្នកគាំទ្ររបស់ តន់ ច័ន្ទសីម៉ា បានចែករំលែកគាំទ្រជាបន្ទាប់ពេញបណ្ដាញសង្គមភ្ជាប់ជាមួយការបញ្ចេញមតិរៀងៗខ្លួន។ ជាមួយគ្នានោះ ក៏បានឃើញមានការចែករំលែកបង្ហាញមតិមួយចំនួន ដែលលើកនិយាយវែកញែកពី MV បទចម្រៀងថ្មីនេះ លើស្ទីលនៃការច្រៀងរបស់ តន់ ចន្ទសីម៉ា ដោយនាងច្រៀងជាភាសាខ្មែរហាក់មិនសូវច្បាស់ ស្ដាប់មិនសូវបាន សំឡេងប្រៀបប្រដូចទៅអ្នកស្រវឹងទៀតផង៕