រឹតតែសង្ហាប្លែក! អ្នកកំលោះ ដួង មិថុនា គ្រងឈុតហនុមាន ហ្វេនៗលង់នឹងសម្រស់នាំគ្នាឱ្យបេះដូងព្រាត
កន្លងមក ដួង មិថុនា កំលោះសង្ហាលក់នំខ្មែរនៅខេត្តសៀមរាប បានផ្ទុះការចាប់អារម្មណ៍ម្តងរួចមកហើយ ជាមួយការគ្រងឈុតបុរាណតួអង្គក្រុងរាពណ៍ ឬ ទសមុខ ជាស្តេចយក្សនៅនគរលង្កាក្នុងរឿងរាមក្តេរិ៍ ថតនៅក្នុងទីតាំងប្រាសាទ ព្រះឥន្ទ្រកោសីយ៍ ក្នុងខេត្តសៀមរាប។ ដោយឡែក ថ្មីៗនេះលោកបានធ្វើឱ្យមហាជន និង ហ្វេនៗមានការចាប់អារម្មណ៍ជាថ្មី ដោយគ្រងឈុតតួអង្គហនុមាន ថតនៅមុខប្រាសាទ មើលមករឹតតែសង្ហាប្លែកមួយបែប។
តាមរយៈរូបភាពបង្ហោះប្រមាណ ៥ សន្លឹក ស្លៀកពាក់ក្នុងឈុតតួអង្គហនុមាន ដួង មិថុនា បានថតបញ្ចេញកាយវិការ លើកដាក់ ពត់ពែន ដូចជាតួអង្គដើមឬអ្នកសម្តែងរបាំពិតៗ។ ជាពិសេស ថតជាមួយទេសភាពប្រាសាទបុរាណទៀតនោះ កាន់តែធ្វើឱ្យរូបភាពមើលមកទាក់ទាញ ចូលតួ និង ជះរាងសង្ហាជាខ្លាំង។
មិថុនា ធ្លាប់ប្រាប់ដែរថា ការថតឈុតបុរាណនេះ ក៏ព្រោះលោកស្រលាញ់នូវអ្វីដែលជាសិល្បៈវប្បធម៌ខ្មែរ និង ចង់ជាចំណែកតូចមួយលើកកម្ពស់មរតកដូនតាខ្មែរយើង។ ម្យ៉ាងការបង្ហោះនៅលើបណ្តាញសង្គម ក៏ជាផ្នែកមួយធ្វើឱ្យបរទេសងាកមកចាប់អារម្មណ៍កម្ពុជាយើងផងដែរ។
បច្ចុប្បន្ន កំលោះលក់នំខ្មែរ ដួង មិថុនា ហាក់មានប្រជាប្រិយភាពកាន់តែខ្លាំង។ តួយ៉ាង ការបង្ហោះរូបថ្មីថ្មោងនេះ គ្រាន់តែបង្ហោះមិនបានប៉ុន្មាននាទី មហាជនជាច្រើនបានចូលចុច Like, Comment និង Share ជាហូរហែ។ ជាពិសេស អ្នកខ្លះថែមទាំងចាត់ទុកជាអាយដលពេញបេះដូងទៀតផង៕