នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៤ ថ្មីៗនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឆ្លើយតបទៅនឹងសំណួរមួយដែលពលរដ្ឋតែងបានលើកសួរថា «បើសៀវភៅគ្រួសារ បាត់ ទក់ រហែក ទទឹក អាចធ្វើថ្មីបានទេ?»។
ទាក់ទិនទៅនឹងសំណួរនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឆ្លើយតបឱ្យដឹងថា ករណីសៀវភៅគ្រួសារទក់ រហែក ឬ ទទឹកខូច គឺប្រជាពលរដ្ឋជាមេគ្រួសារអាចស្នើសុំធ្វើថ្មីបាន ដែលការធ្វើថ្មីនេះត្រូវកំណត់ថាការចេញសៀវភៅគ្រួសារ ទុតិយតា ឬ ជាលើកទី ២ ដែលក្នុងនោះមេគ្រួសារ ត្រូវទៅដាក់ពាក្យស្នើសុំធ្វើឡើងវិញ នៅប៉ុស្តិ៍នគរបាលឃុំសង្កាត់ ដោយភ្ជាប់ជាមួយនូវឯកសារមួយចំនួនដូចខាងក្រោម៖
+ ករណីបាត់ ៖ មេគ្រួសារត្រូវមានពាក្យបណ្តឹងអំពីមូលហេតុច្បាស់លាស់ ដោយបញ្ជាក់ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នៅកន្លែងដែលបានបាត់នោះ។
+ ករណីខូចគុណភាព ពោលគឺ ទក់ រហែក ទទឹក…ជាដើម ៖ មេគ្រួសារត្រូវមានសៀវភៅគ្រួសារសំណៅដើមនោះដើម្បីមកស្នើសុំថ្មី។ បន្ទាប់ពីទទួលបានពាក្យស្នើសុំ និង មានឯកសារភ្ជាប់ត្រឹមត្រូវហើយ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវចម្លងសៀវភៅគ្រួសារថ្មីចេញពីបញ្ជីគ្រួសារចាស់ រួចហើយចុះហត្ថលេខាលើសំណុំឯកសារ ហើយបញ្ជូនទៅអធិការនគរបាល ក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យសម្រេច និង ចុះហត្ថលេខាផ្តល់ទុតិយតា ឬ ផ្ដល់ជាលើកទី ២ នូវសៀវភៅគ្រួសារនោះ រួចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីប្រគល់ជូនប្រជាពលរដ្ឋជាការស្រេច។
គួរបញ្ជាក់ថា រយៈពេលនៃការផ្តល់ជូនសម្រាប់សៀវភៅគ្រួសារ មិនគិតប្រាក់នោះទេ និង មិនលើសពី ១៥ ថ្ងៃឡើយ ក្នុងករណីមានឯកសារភ្ជាប់គ្រប់គ្រាន់ និង ត្រឹមត្រូវ៕
ប្រភព ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម