(វីដេអូ) អៀមខ្មៅហើយនៅតែភីងៗទៀត! ដាឡែត និង ម៉ាលីន ឱបគ្នាយ៉ាងរំភើប ពេលបានជាប់ចូល Top 10
ក្នុងសប្តាហ៍ទី ១៧ នៃការប្រកួត MasterChef Cambodia រដូវកាលទី ៣ កាលពីរាត្រីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅនេះ អ្នកគាំទ្រកាន់តែជក់ចិត្តជាងសប្តាហ៍មុនៗ នៃការទស្សនាការចម្អិនម្ហូប ដើម្បីស្វែងរកកំពូលបេក្ខជន Top 10។
ចំណោមបេក្ខជនទាំង ១១ នាក់ គឺមានតែ ១០ នាក់ ប៉ុណ្ណោះ ដែលត្រូវបន្តទៅសប្តាហ៍ក្រោយ ដោយបានចូលទៅកាន់បញ្ជីកំពូលបេក្ខជន Top 10 របស់ MasterChef Cambodia រដូវកាលទី ៣ ខណៈកម្មវិធីកាន់តែកៀក និង ខិតជិតរកឃើញម្ចាស់ពានរង្វាន់រដូវកាលថ្មីនេះហើយ។
ដោយឡែក ក្រឡេកទៅមើលដំណើរនៃការប្រកួតឯណោះវិញ អ្នកទស្សនាបានដឹងមកហើយថា សប្តាហ៍ទី ១៧ នេះ កញ្ញា ប៊ុន លីនណា គឺជាបេក្ខភាពឈ្នះប្រអប់អាថ៌កំបាំង ដោយនាងមានអាទិភាពក្នុងការចាប់គូបេក្ខជន ១០ នាក់ ផ្សេងទៀត ជា ៥ គូ ដើម្បីប្រកួតទៅវគ្គបន្ត។ ក្នុងនោះដែរ កញ្ញា ប៊ុន លីនណា ក៏បានចាប់គូឱ្យលោក ចៅ ដាឡែត ជាដៃគូនឹងកញ្ញា ឆៃ តារាម៉ាលីន។
ជាការពិតណាស់ ប្រកួតអស់រយៈពេលច្រើនសប្តាហ៍ បើទោះជាធ្លាប់ប្រកួតជាក្រុមនឹងគ្នាក៏ពិតមែន ប៉ុន្តែលោក ចៅ ដាឡែត និង កញ្ញា ឆៃ តារាម៉ាលីន ទើបបានប៉ះគ្នាជាដៃគូតែ ២ នាក់ លើកដំបូង ប៉ុន្តែការចាប់ដៃគូគ្នាលើកនេះ លោក ចៅ ដាឡែត និង កញ្ញា ឆៃ តារាម៉ាលីន គឺធ្វើមិនបានល្អនោះទេ។
យ៉ាងណាមិញ បើទោះជាអ្នកទស្សនាមើលទៅហាក់បុកពោះជំនួសនឹងបេក្ខជនមួយគូនេះ ដែលត្រូវពាក់អៀមខ្មៅក្តី តែក៏មានអ្នកទស្សនាខ្លះ ទប់ស្នាមញញឹមមិនបាននោះទេ ក៏ព្រោះតែគូលោក ចៅ ដាឡែត និង កញ្ញា ឆៃ តារាម៉ាលីន នៅតែផ្អែមល្ហែមទាំងកាយវិការ និង សម្ដីសំដៅនៃការនិយាយស្តីលើកទឹកចិត្តគ្នា។
ជាងនេះទៅទៀត ក្រោយទទួលបានលទ្ធផលពីការប្រកួតវគ្គពាក់អៀមខ្មៅ ដោយអ្នកទាំងពីរអាចឡើងទៅតំបន់សុវត្ថិភាពបាននោះ ស្រាប់តែលោក ចៅ ដាឡែត និង កញ្ញា ឆៃ តារាម៉ាលីន ស្ទុះឱបគ្នាយ៉ាងស្និទ្ធ ធ្វើឱ្យមិត្តរួមប្រកួត និង អ្នកទស្សនាកាន់តែរមួលចិត្តនឹងអ្នកទាំង ២ កាន់តែខ្លាំង៕
សូមចូលរួមទស្សនា វីដេអូខាងក្រោម៖