ស្វាមួយក្បាល អាយុ ២៩ ឆ្នាំហើយទើបបានចេញក្រៅឃើញផ្ទៃមេឃលើកដំបូង មហាជនឃើញហើយរំជួលចិត្ត
ថ្មីៗនេះ សារព័ត៌មានបរទេស បានរាយការណ៍ពីរឿងរ៉ាវដ៏រំជួលចិត្តរបស់ស្វាញីមួយក្បាល ឈ្មោះ Vanilla ជាពូជ chimpanzee ដែលកើតមកអាយុ ២៩ ឆ្នាំទៅហើយ ត្រូវគេឃុំជាប់រហូត ទើបតែបានចេញក្រៅ ឃើញពិភពលោកលើកដំបូងក្នុងជីវិត។
តាមព័ត៌មានបានឱ្យដឹងថា តាំងពីកើតមក Vanilla ត្រូវរស់នៅក្នុងទ្រុងជាប់រហូត ហើយត្រូវគេផ្លាស់យកទៅទីនេះទៅនោះ ដើម្បីពិសោធន៍ ដោយចុងក្រោយនេះ ទើបតែត្រូវបានគេសង្រ្គោះពីកន្លែងពិសោធន៍មួយកន្លែង នាទីក្រុង New Yorks ។
អ្នកសង្រ្គោះបានដោះលេងឱ្យ Vanilla ចេញមកខាងក្រៅ ឱ្យបានឃើញពិភពលោកលើកដំបូង ក្រោយពីនៅតែក្នុងទ្រុងរយៈពេល ២៩ ឆ្នាំ ហើយមើលទៅ Vanilla ពិតជារំភើបខ្លាំងណាស់ ព្រោះនេះជាលើកទីមួយរបស់ខ្លួន។ Vanilla បានរត់ចេញមកដោយរីករាយ ព្រមទាំងឱបស្វាផ្សេងៗទៀត ហើយថែមទាំងបានដើរលេងជុំវិញទីកន្លែងនោះទៀតផង។
យ៉ាងណាមិញ Vanilla នឹងត្រូវគេបញ្ជូនទៅនៅលើកោះមួយកន្លែង ជាមួយនឹងពូជស្វា Vanilla ចំនួន ២២៦ ក្បាលទៀត ដែលស្វាទាំងអស់នេះ ភាគច្រើនសុទ្ធតែជាស្វាដែលគេជួយសង្រ្គោះមកពីមន្ទីរពិសោធន៍ សួនសត្វ និង កន្លែងផ្សេងទៀត៕