ទោះមានរឿងអាស្រូវសឹងរុំសួត តែ ប៊ុត សីហា នៅតែរឹងមាំ ពេលនេះស្រាប់តែបង្ហើបរឿងភ្ញាក់ផ្អើលមួយដល់អ្នកគាំទ្រ
ម្ចាស់ពាន The Voice Cambodia រដូវកាលទី ១ លោក ប៊ុត សីហា មកដល់ពេលនេះ នៅមិនទាន់ស្រោចស្រង់កេរ្តិ៍ឈ្មោះដែលបានលិចផុងក្នុងរឿងអាស្រូវកន្លងមកនៅឡើយ តែទោះជាបែបនេះ បច្ចុប្បន្ន ប៊ុត សីហា នៅតែជម្នះឧបសគ្គក្នុងជីវិត ហើយប្រឹងប្រែងដើរលើផ្លូវសិល្បៈ ទោះបីជាមិនសូវទទួលបានការគាំទ្រច្រើនផុសផុលដូចកាលពីមុនក៏ដោយ។
ខណៈប្រជាប្រិយភាពក្នុងវិស័យសិល្បៈរបស់ ប៊ុត សីហា នៅតែបន្តស្ងប់ស្ងាត់មិនសូវឃើញលោកបង្ហាញខ្លួនឡើងឆាកប្រគំតន្រ្តីនានាដដែល ថ្មីៗនេះ ប៊ុត សីហា បានបង្ហោះសារប្រកាសក្ដែងៗនៅលើគណនីហ្វេសប៊ុកថា លោកនឹងរកផលិតកម្មដើម្បីជ្រកកោន ហើយមានបទចម្រៀងថ្មីៗសម្រាប់ប្រកួតប្រជែងនៅក្នុងទីផ្សារសិល្បៈ ទុកជាកាដូដល់អ្នកគាំទ្រក្នុងពេល ៧ ឆ្នាំមកនេះ។
ប៊ុត សីហា បានបង្ហោះសារទាំងយប់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ថា ៖ «ខ្ញុំនឹងរកផលិតកម្មមួយជ្រកកោន ដើម្បីបងប្អូនអ្នកគាំទ្ររបស់ខ្ញុំ ឆាប់ៗនឹងបង្ហាញជូនបងប្អូន ពេលវេលាបញ្ជាក់ការពិត»។ នៅយប់ថ្ងៃដដែល តារាចម្រៀងប្រុសរូបនេះ បានបន្តបង្ហោះសារថា ៖ «ដល់ពេលហើយដែលខ្ញុំមានបទចម្រៀង ប្រកួតប្រជែងទីផ្សារនឹងគេ សម្រាប់ជាកាដូដល់ហ្វេនៗរបស់ខ្ញុំជាង ៧ ឆ្នាំមកនេះ»៕