ទឹកចិត្តល្អប្រពៃ! ម្ចាស់បន្ទប់ជួល នៅខេត្តកំពង់ចាម ប្រកាសផ្ដល់ ១៣ បន្ទប់ ឱ្យសិស្សមកប្រឡងបាក់ឌុប ស្នាក់នៅឥតគិតថ្លៃ
គិតត្រឹមថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះ គឺសល់រយៈពេលត្រឹម ២៩ ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងឈានចូលមកដល់ហើយ ពោលគឺការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៤។
កៀកនឹងថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលខិតជិតមកដល់នេះ មានម្ចាស់គណនីមួយរូបដែលមានឈ្មោះ ចែ ថៃ បានបង្ហោះសារ និង វីដេអូ ជូនដំណឹងដល់បងប្អូនដែលជិតប្រឡង និង ត្រូវការមកប្រឡងនៅមណ្ឌលវិទ្យាល័យហ៊ុនសែនស្គន់ ស្ថិតក្នុងភូមិស្គន់ ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម អាចទៅស្នាក់នៅបន្ទប់ជួលរបស់ខ្លួនបាន ដែលបន្ទប់ជួលនេះ មានសរុប ១៣ បន្ទប់ អាចឱ្យបេក្ខជនត្រូវមកប្រឡង ស្នាក់នៅដោយគិតគិតថ្លៃ ដែលមានទីតាំងមុខសាលារៀន ចម្ងាយមិនដល់ ១០០ ម៉ែត្រ ដោយអាចទាក់ទងទៅលេខ 0979825039 និង 0978855669។
តាមរយៈទឹកចិត្តដ៏ប្រពៃនេះ បានធ្វើឱ្យប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាស្ងើចសរសើរទឹកចិត្ត និង អំពើល្អរបស់ម្ចាស់បន្ទប់ ព្រមទាំងចែករំលែកបន្តគ្នាព្រោងព្រាត ដើម្បីឱ្យដំណឹងនេះបានជ្រាបទៅដល់បេក្ខជនដែលមានតម្រូវការ ក៏ដូចជាជាគំរូសម្រាប់បងប្អូនដទៃ ដែលមានបំណងចង់ចែករំលែកអំពើល្អបែបនេះ ក្នុងឱកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខនេះ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖