សាងអំពើល្អឱ្យច្រើនទៅ! ទាំងនេះជាប្រេតគួរឱ្យអាសូរ ១២ ប្រភេទ តាមកម្មផលដែលបានសាង
តាមជំនឿរបស់បុព្វបុរសខ្មែរជាយូរលង់ណាស់មកហើយ ការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គឺដើម្បីឧទ្ទិសកុសលជូនជីដូនជីតា ញាតិកាទាំង ៧ សន្តាន ដែលបានចែកឋានទៅ ហើយចំពោះជំនឿនៃការបោះបាយបិណ្ឌវិញ គឺជាពិធីសំខាន់មួយក្នុងរយៈពេល ១៥ ថ្ងៃ នៃថ្ងៃកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ ដោយប្រជាជនខ្មែរមានជឿថាមានពពួកប្រេតចេញមករកចំណីអាហារ ព្រោះគ្មានញាតិធ្វើបុណ្យឱ្យ ។
«ប្រេត» អានថា «ប្រែត» តាមសំនៀងខ្មែរ គឺជាពាក្យខ្ចីមកពីភាសាសំស្ក្រឹត ចំណែកពាក្យខ្ចីមកពីភាសាបាលីវិញ ហៅថា «បេត» អានថា «ប៉េតៈ» ។ អត្ថន័យដើមរបស់ពាក្យ «ប្រេត» គឺជាមនុស្សស្លាប់ ឬ ព្រលឹងខ្មោច ។ នៅក្នុងវចនានុក្រមខ្មែរ «ប្រេត» ប្រែថា សត្វកើតក្នុងអបាយភូមិពួកមួយ ឧទាហរណ៍ ពួកប្រេត ។
ចំណែកឯប្រែតទៀតសោតមានរហូតដល់ទៅ ១២ ប្រភេទឯណោះ ៖
ប្រភេទទី ១. វន្តាសប្រេត
វន្តាសប្រេត គឺប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញហើយ ។ ក្នុងតម្រាខ្មែរ ប្រេតនេះមានភ្នែកក្រលួង មានមុខក្រញូវ ដុះរោមច្រើនស្រម៉ូវ មាត់រៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ដោះប៉ោង ខ្លួនធំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្គ្រោង ស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាក ដែលស្តោះចេញពីមាត់គេ ។ ចំពោះប្រេតទាំងនេះ មកពីមិនបានធ្វើបុណ្យដោយចិត្តជ្រះថ្លា ស្តោះដាក់អាហារឲអ្នកមានសីលខ្ពស់ ។
ប្រភេទទី ២. កុណបាសប្រេត
កុណបាសប្រេត (ឬកុណបា) ប្រេតដែលស៊ីសាកសព ។ ក្នុងតម្រាខ្មែរ ប្រេតនេះមានពោះធ្លាក់ត្រយោកមុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កាយាស្ពោក ធ្មេញធំប៉ុនដប សក់វែងអូសដី ចម្រុះខើចខ្លី កស្តួចដូចដប ក្បាលធំជាងខ្លួនមិនសមប្រកប ។ ធុំក្លិនស្អុយអសោច ស៊ីតែសពខ្មោច ។ ប្រេតនេះអត់បាយរាប់កោដិឆ្នាំ ស៊ីតែខ្ទុះឈាមនៃសាកសពខ្មោច ឥតបានប្រយោជន៍ទេ បើស៊ីណាស់ កាន់តែឃ្លានណាស់ ព្រោះមានផលកម្មចាស់ដែលខ្លួនបានសាងឡើង ។
ប្រភេទទី ៣. គូថខាទកប្រេត
គូថខាទកប្រេត (ឬគូថៈ) ប្រេតដែលស៊ីឧច្ចារៈ(លាមក)។ ក្នុងតម្រាខ្មែរ ប្រេតនេះមានភ្នែករិលទទឹង មាត់ខើចសំញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង កខ្លីដូចហ៊ីង ។ ក្បាលធំក្រមាង សក់ដុះខាងៗ កណ្តាលរលីង តចៀកកំប៉ិត ពោះធំកំភ្លឹង រូបរាងស្គមកំព្រឹង ស៊ីតែលាមក ក្លិនស្អុយខ្មោះៗ សាច់ស្រែងកក្រោះ ដៃជើងធំស្ចក់ ខំដើរស្កាត់រកគំនរលាមកមកធ្វើចំណី ។ ចំពោះប្រេតនេះ គឺរស់នៅរបៀបនេះរាប់រយកោដិឆ្នាំ រស់ដោយផលកម្ម គឺពៀរវេរាពីជាតិមុន ជាជនពាលអត់មានសទ្ធា កោងកាចអប្រិយ ។
ប្រភេទទី ៤. អគ្គិជាលមុខប្រេត
អគ្គិជាលមុខប្រេត ប្រេតដែលមានភ្លើងនៅក្នុងមាត់ ។ ក្នុងតម្រាខ្មែរ ប្រេតនេះហៅថា អគ្គិជាល មានភ្លើងឆេះរោលរាលពេញខ្លួនប្រាណ ភ្នែកហើមលៀន ភ្លើងឆេះរន្ធមាត់ មានដំបៅខ្លាំង ស្រែកយំ គគ្រក់ ហុយផ្សែងព័ន្ធព័ទ្ធសាច់ស្បែកឡើងរលួយ ភ្លើងឆេះទាំងយប់ទាំងថ្ងៃ ។ ពួកប្រេតនេះគឺចង្រៃ ព្រោះមានកម្មសាងពីជាតិមុន គឺជាមនុស្សប៉ោឡែ លេងនឹងព្រះសង្ឃបញ្ឆោតលេងសប្បាយ ។ ប្រេតនេះច្រើនតែរស់នៅដងព្រៃជ្រៅញកបព្វតា ក្បែរមាត់សមុទ្រ លើដុំសិលា ស្រេកឃ្លានអាហារ ស្រេកទឹកពុំអាចស៊ីចំណីបាន ។
ប្រភេទទី ៥. សូចិមុខប្រេត
សូចិមុខប្រេត ប្រេតដែលមានមាត់ប៉ុនម្ជុល។ ក្នុងតម្រាខ្មែរ មានចែងថា ប្រេតឈ្មោះ សុចិ មុខមាត់ស្រួចដូចម្ជុល ក្បាលធំត្រមែង រន្ធមាត់ប៉ុនរន្ធក្តិតម្ជុល ដៃជើងធំបែក រាងទុលមុលធំប៉ុនភ្នំ ភ្នែកលៀនក្រឡោក ក្រចកដៃសោតស្រែងស៊ីសុះដុំ ដុះវែងក្រាសចោទដូចជើងភ្នំ សក់ក្បាលពុកមាត់ពុកចង្កាដុះដូចព្រឹក្សា ។ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិជ្ឈកូដ ហើយប្រេតនេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះតែរស់នៅដោយផលកម្មដែលខ្លួនបានសាង ។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែចិត្តកំណាញ់ មិនដាក់ទានឲ្យអ្នកក្រខ្សត់ សូម្បីតែមាតាបិតា ក៏មិនឲ្យលោកពិសាគ្រប់ដែរ ។
ប្រភេទទី ៦. តណ្ហដ្តិតប្រេត
តណ្ហដ្តិតប្រេត ប្រេតដែលត្រូវសេចក្តីលំបាកបៀតបៀន ។ ក្នុងតម្រាខ្មែរហៅជា កណ្ហជិ គឺប្រេតមានរូបរាងធំខ្ពស់ពេញចិត្ត ដៃជើងធំៗ ខ្លួនធំដូចយក្សសាច់ពព្លាក់ពពាល ឡើងចាង កវែង ក្បាលផ្អៀង ភ្នែកស្រលៀង ច្រមុះធំខ្លី រោមដុះស្រមាង ដៃជើងក្រញាង ធ្មេញសំញេញ បបូរមាត់ស្ពែះ យាធ្លាក់សំយែះ ពោះប៉ោងក្រអាញ ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញ ដុះស្លែស្រមាញ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅដាច់ពីគេឯង ហើយស្រេកឃ្លានអាហារ ព្រោះស៊ីមិនបាន ស្រេកទឹកខ្លាំងណាស់ ឃើញបឹងស្រះស្ទុះទៅរក ប៉ុន្តែបានប្រែក្លាយទៅជាគ្រួសថ្មទៅវិញ ។
ប្រភេទទី ៧. សុនិជ្ឈាមកប្រេត
សុនិជ្ឈាមកប្រេត ប្រេតដែលត្រូវឆេះខ្មៅដូចគល់ឈើ ។ ក្នុងតម្រាខ្មែរហៅជា និជ្ឍា មានរូបរាងកាយគ្រាំគ្រាគ្មានពេលស្បើយទេ ប្រេតនេះគឺមានកម្មក្រាសណាស់ បើមានចំណីគឺពុំអាចស៊ីបានទេ គឺមាត់ដុះកន្ទុយ ចំពោះរូបរាងវិញគឺរូបរាងអាក្រក់ ពោះប៉ោងកំប៉ិត ផ្ចិតទុលលៀន ស្អុយ ច្រមុះកញ្ឆាត ភ្នែកដូចទីទុយ ដុះរោមច្រើន មាត់ស្អុយខ្មូរខ្មោះ សាច់ខ្មៅក្រងិត រាងខ្ពស់ស្គមស្វិត ដៃជើងក្រោះ ម្រាមដៃដុះចង្កា ។ ត្រចៀកបាក់ធ្លាក់យាដាបដល់ស្មា សក់ក្បាលវែងស្កា អាក្រក់ពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅឆ្ងាយដាច់ពីគេ ឬនៅលើកោះតែម្នាក់ឯង ព្រោះខ្លួនចង្រៃប្រព្រឹត្តតក់ម៉ក់ពេលឃើញ សាមណៈ ឬ ស្មូមយាចក ប្រើពាក្យអាក្រក់ជេរស្តីឲ្យលោក និយាយពាក្យចាក់ដោតឡកឡឺយ បញ្ឆោតអ្នកមានសីលឲ្យអាប់កិត្តិយស ។
ប្រភេទទី ៨. សត្ថង្គប្រេត
សត្ថង្គប្រេត ប្រេតមានក្រចកដូចកាំបិត ។ ក្នុងតម្រាខ្មែរហៅជា សព្វង្កា មានដំបៅពេញរាងកាយក្នុងសាច់សុទ្ធតែពងរុយ មានខ្ទុះពាសពេញខ្លួនប្រាណ ក្លិនស្អុយគគ្រុក ភ្នែកធំលៀន ច្រមុះធំវែង ពោះធ្លាក់ទ្រយុក ស្រែកថ្ងូររងទុក្ខ ដោយមានសេចក្តីស្រេកឃ្លាន ខំយកដៃខ្វារពាសពេញប្រាណ ក្រចកវែងមុត ខ្វេះហែកសាច់បានគឺសាច់ខ្លួនឯង យកមកស៊ីជាអាហារ ប៉ុន្តែបើស៊ីណាស់ រឹតតែឃ្លាន ព្រោះវាមានកម្មក្រាសណាស់ ។ នៅក្នុងព្រៃជៅលើកោះ ក៏មានច្រើនណាស់ គគោករាប់ម៉ឺនសែនលាន កាលពីជាតិមុនអត់បានធ្វើបុណ្យ មានចិត្តកាច។ ប្រេតនេះច្រើនរស់នៅ ឫស្យា ហាមប្រកែកជាមួយម៉ែឪ ព្រមទាំងវាយគាត់ ប្រើពាក្យប្រមាថជីដូនជីតា ឬ ញាតិសន្តាន បំភ្លេចគុណគេបែរជាឲ្យទោសគេទៅវិញ ។
ប្រភេទទី ៩. បព្វតង្គប្រេត
បព្វតង្គប្រេត ប្រេតមានកាយដូចភ្នំ ។ ក្នុងតម្រាខ្មែរហៅជា បព្វង្កា មានដៃខ្លីជើងខ្លី ខ្លួនវែងជ្រងក់ ធំខ្ពស់ ដូចភ្នំ ក្បាលតូច កខ្លី សាច់រឹងដូចដំរី ចំពោះខ្លួនប្រាណវិញ គឺមានភ្លើងឆេះរងំ ឆេះទាំងយប់ទាំងថ្ងៃ ដូចភ្លើងឆេះភ្នំ ស្រេកឃ្លានអាហាររាប់កោដិឆ្នាំ ឃ្លានឥតមានស្រាក តែមិនស្លាប់ ព្រោះបានធ្វើបាបកម្មច្រើននិងទ្រាំរស់នៅបែបបនេះរាប់រយឆ្នាំទៀត លុះអស់កម្មពៀរ ។ ប្រេតនេះច្រើនរស់នៅក្នុងដងព្រៃជ្រៅ នាហេមពាន្តភ្នំគិជ្ឈកូដ កាលពីជាតិមុនគឺមនុស្សទុរជន មានចិត្តរឹងរូស ចងគំនុំ ឈ្លោះប្រកែកនិងតាមព្យាបាទគេឯង ឥតកោតក្រែងអំពើអាក្រក់ដែលខ្លួនបានសាង ។
ប្រភេទទី ១០. អជគរង្គប្រេត
អជគរង្គប្រេត ប្រេតមានកាយដូចពស់ថ្លាន់ ។ ក្នុងតម្រាខ្មែរហៅជា អជតរៈ មានក្បាលច្រើនប្រភេទដូចជាពស់ថ្លាន់ សត្វខ្លា ជាឆ្មា គោ ក្របី ប្រេតនេះចម្លែកមានរូបរាងប្លែកខុសប្រក្រតី ខ្លួនជាពស់ថ្លាន់ ធំវៀនលើដី ធំវែងដូចភ្នំ ។ ភ្លើងឆេះព័ទ្ធរុំទាំងយប់ទាំងថ្ងៃ ស្រេកឃ្លានអាហារគ្រប់ពេលវេលា ចេះតែថ្ងូរស្រែក ទុក្ខខ្លាំងពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅ ឬ បុព្វតា ក្បែរសមុទ្រ លើដុំសិលា ។ ប្រេតនេះពីជាតិមុនមិនបានធ្វើបុណ្យ ប្រព្រឹត្តប៉ោឡែ មិនខ្លាចម៉ែ ឪ ជីដូន ជីតា ជេរអ្នកមានគុណថាឆ្កែជាឆ្មា ។ ចំពោះព្រះសង្ឃក៏មិនខ្លាច ប្រើពាក្យប្រមាថទៅទៀត ទើបធ្វើឲ្យប្រេតនេះ មានក្បាលច្រើនបែបនេះឯង មានភ្លើងគ្រប់ពេលវេលាបែបនេះ ។
ប្រភេទទី ១១. វិមានកប្រេត
វិមានកប្រេត ប្រេតមានវិមាននៅ ។ ក្នុងតម្រាខ្មែរហៅជា វេមានិក មានរូបធំទ្រមឹង រាងធាត់ក្រអាញ ដុះរោមជិតឈឹង ពោះប៉ោងត្រង់ភ្លឹងសម្បើមអស្ចារ្យ ប៉ុន្តែសុខ ទុក្ខស្ទើគ្មាន ។ តាមធម្មតាដៃកាន់អាវុធ ចិត្តកាចក្លៀវក្លា ប្រេតនេះ គេហៅថា យមរាជ ទៅកាប់សត្វនរកឈាមប្រឡាក់ព្រាចពីព្រឹកដល់ល្ងាច អត់បាយអត់ទឹក វាយសួរចម្លើយ កាត់ទោសគ្រប់នរក ត្រួតត្រាលើគេទាំងអស់ ។ ពេលដែលសាយសុខ គឺក្លាយខ្លួនទៅជាទេវបុត្រកម្លោះមានរូបល្អឥតខ្ចោះ នៅក្នុងឋានសួគ៌ ស្រីទេពអប្សរចោមរោមសុំស្នេហ៍ ដល់ពេលសោយទុក្ខកើតជាប្រេតចង្រៃរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ ប្រេតនេះកាលពីជាតិមុនជាមនុស្សស៊យប្រព្រឹត្តិលេលាបានធ្វើទានខ្លះ ធ្វើតាមទម្លាប់គឺបុណ្យក៏ធ្វើ បាបក៏ធ្វើ ក្នុងន័យប្រមាថដូចនេះហើយទើបផលកម្ម សងទាំងពីបែបនេះ ។
ប្រភេទទី ១២. មហិទ្ធិកប្រេត
មហិទ្ធិកប្រេត ប្រេតមានឫទ្ធិច្រើន (ជាធំជាងប្រេតទាំងឡាយ មើលខុសត្រូវប្រេតទាំងឡាយ) ។ ក្នុងតម្រាខ្មែរចែងថា ប្រេតឈ្មោះ មហិទ្ធិកៈ នេះ រូបល្អពេញទីជាស្តេចនៃប្រេត អ្នកមានឫទ្ធិល្អឥតមានពីរស្មើរូបទេព្តាមានគ្រឿងស្លៀកពាក់ ស្រស់ស្អាតពេកក្រៃ ទាស់តែស្រេកឃ្លានអាហារ អ្វីៗត្រេកអរលើសលន់ ខំស្ទុះទៅចាប់ភ្លើងឆេះពេកពន់ បើមិនដូចនោះទេ ឃើញហើយខំស្ទុះ ចាប់កើបស្រវាបានដាក់ក្នុងមាត់លេបទៅកាលណាស្រាប់តែក្លាយជាដុំដែក ក្រហមច្រាលឆ្អៅឆេះឆាបក្នុងមាត់ស្រេកឃ្លានណាស់ ព្រោះមានកម្មច្រើន ក្លិនស្អុយអស្ចារ្យ ល្អតែរូបកាយ ។ ប្រេតនេះកាលពីជាតិមុនបួសក្នុងសាសនាប្រមាថសុះសាយ បួសមិនប្រព្រឹត្តវិន័យ បួសឆាន់តែបាយ ប្រព្រឹត្តអាក្រក់ ធ្វើមិច្ឆាចារ ឆបោកគ្រហស្ថ ប្លន់លាភមិនប្រតិបត្តិតាមវិន័យ ។
ប្រភព៖ Wikipedia