អស្ចារ្យ! រុស្ស៊ីបង្កើតបានវ៉ាក់សាំងប្រឆាំងមហារីក ត្រៀមដាក់ប្រើលើអ្នកជំងឺដោយឥតគិតថ្លៃនៅដើមឆ្នាំ ២០២៥
អាចថាជាដំណឹងដ៏ល្អអស្ចារ្យមួយដោយប្រទេសរុស្ស៊ីបានបង្កើតវ៉ាក់សាំង mRNA ដែលជាវ៉ាក់សាំងប្រឆាំងជំងឺមហារីក និង ត្រៀមដាក់ប្រើប្រាស់លើអ្នកជំងឺដោយឥតគិតថ្លៃ នេះបើតាមការបញ្ជាក់ពីលោក Andrey Kaprin អគ្គនាយកប្រចាំនាយកដ្ឋានស្រាវជ្រាវផ្នែកវិទ្យុសកម្មវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាលរុស្ស៊ី។
វ៉ាក់សាំងមហារីកនេះដែរត្រូវបានបង្កើតឡើងដោយមានការសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវជាច្រើន ដោយវ៉ាក់សាំងនេះគ្រោងនឹងប្រកាសដាក់ប្រើប្រាស់នៅដើមឆ្នាំ ២០២៥ ខាងមុខនេះ។
ថ្មីៗកន្លងទៅនេះ លោក Alexander Gintsburg នាយកប្រចាំមជ្ឈមណ្ឌលស្រាវជ្រាវផ្នែករោគេតត្បាត និង មីក្រូជីវសាស្ត្រ Gamaleya បានឱ្យដឹងថាដំណើរការតេស្ត preclinical បានបង្ហាញថាវ៉ាក់សាំងនេះអាចប្រឆាំងមិនឱ្យដុំសាច់មហារីកលូតលាស់ និង រាលដាលកាន់តែខ្លាំង។ ថ្លែងប្រាប់សារព័ត៌មានក្នុងតំបន់ លោក Gintsburg បានរៀបរាប់ថា ៖ «អំឡុងពេលតេស្ត preclinical ពួកយើងរកឃើញថា ដុំសាច់កាចបានរលាយបាត់ ហើយមិនត្រឹមតែដុំសាច់នោះទេ សូម្បីតែកោសិការីករាលដាលក៏បាត់ដូចគ្នា»។
លោក Gintsburg បានសង្កត់បញ្ជាក់ដែរថា វ៉ាក់សាំងនេះមិនត្រឹមតែជាវ៉ាក់សាំងការពារប្រឆាំងប៉ុណ្ណោះទេ តែក៏ជាវ៉ាក់សាំងព្យាបាលផងដែរ ដោយនឹងដាក់ប្រើប្រាស់លើអ្នកជំងឺដែលកំពុងកើតមានមហារីក។ វ៉ាក់សាំងនេះផលិតឡើងតាមបច្ចេកវិទ្យា mRNA ដែលបច្ចេកវិទ្យានេះធ្លាប់បានប្រើប្រាស់ដោយក្រុមហ៊ុនផលិតឱសថ Pfizer និង Moderna ក្នុងការផលិតវ៉ាក់សាំងកូវីដ-១៩ កន្លងមក។
លោកបានបញ្ជាក់បន្ថែមទៀតថា វ៉ាក់សាំងថ្មីនេះអាចប្រើប្រាស់បានសម្រាប់ជំងឺមហារីកគ្រប់ប្រភេទ។ គម្រោងនៃការតេស្តសាកល្បងប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងប្រភេទមហារីកផ្សេងៗដូចជាមហារីកសួត ក្រលៀន និង លំពែង កំពុងតែត្រៀមចាប់ផ្ដើមដំណើរការដោយរំពឹងថាមានការចូលរួមពីសំណាក់វិទ្យាស្ថានផ្នែកមហារីកជាច្រើនផងដែរ៕
ប្រភព៖ Kenh14