ទុកមិនចំណេញដកចេញមិនខាត! ម្ចាស់មកុដ MGC 2024 ប៊ី សុធារី និង លំដាប់រងទាំង ៤ រូប ស្រុះគ្នាលុបតំណែងជា MGC ចោល
ដូចមហាជនបានជ្រាបមកហើយថា រឿងរ៉ាវក្តៅគគុកនៃការបញ្ចប់ការធ្វើជាម្ចាស់ផ្ទះពាក់កណ្តាលទីនៃកម្មវិធី Miss Grand International 2024 ក្នុងប្រទេសកម្ពុជា នៅតែត្រូវបានផ្ទុះការជជែកវែកញែកជាបន្តបន្ទាប់។
ក្នុងនោះ តាមរយៈកាលវិភាគនៃការរៀបចំកម្មវិធីប្រកួត MGI 2024 នេះ បានឱ្យដឹងថាប្រទេសកម្ពុជាយើង ទទួលបានសិទ្ធិរៀបចំការប្រកួតចំនួន ១២ ថ្ងៃ គឺចាប់តាំងពីថ្ងៃទី ៣ ដល់ទី ១៤ ខែតុលា ឆ្នាំ ២០២៤ ដោយមានការរៀបចំកម្មវិធីផ្សេងៗទៅតាមថ្ងៃនីមួយៗ។
យ៉ាងណាមិញ ក្រោយរៀបចំបានត្រឹម ៤ ថ្ងៃ ពោលគឺនៅថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៤ កម្ពុជាក៏បានបញ្ចប់ការធ្វើជាម្ចាស់ផ្ទះ ដោយអ្នកគ្រប់គ្រងស្ថាប័ន MGC អ្នកស្រី អ៊ឹម សុគន្ធា និង ក្រុមការងារ បានធ្វើការឡាយវីដេអូនិយាយរៀបរាប់រឿងរ៉ាវ ក៏ដូចជាមូលហេតុជាច្រើន ដែលបានកើតឡើងរហូតមានការបញ្ចប់ការរៀបចំកម្មវិធីនេះ ដែលផ្ដោតសំខាន់លើការមិនឱ្យតម្លៃ និង មើលងាយដល់ក្រុមការងាររបស់កម្ពុជាពីខាងម្ចាស់កម្មវិធី MGI។
ដោយឡែក ក្រឡេកមកមើលម្ចាស់មកុដ Miss Grand Cambodia 2024 កញ្ញា ប៊ី សុធារី ក៏មិនបានទៅចូលរួមការប្រកួត Miss Grand International 2024 នៅលើប្រទេសថៃដែរ។ លើសពីនោះ ប៊ី សុធារី ក៏បានដកឈ្មោះជាតំណែង Miss Grand Cambodia 2024 នៅលើផេកហ្វេសប៊ុកផ្លូវការ និង IG របស់ខ្លួនទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ មកមើលលំដាប់រងទាំង ៤ របស់ Miss Grand Cambodia 2024 រួមមាន លំដាប់រងទី ១ កញ្ញា រី ស្រីណេត, លំដាប់រងទី ២ កញ្ញា ឌីបញ្ញា វិមាលា, លំដាប់រងទី ៣ កញ្ញា ម៉ាច ដាវី និង លំដាប់រងទី ៤ កញ្ញា ភូ ផាត់ទីយ៉ា ក៏បានលុបតំណែងរបស់ខ្លួននៅលើបណ្តាញសង្គមនានាដូចគ្នាដែរ៕