(វីដេអូ) រវល់តែវីវក់នឹងរឿង MGI ភ្លេចថាពេលនេះ បវរកញ្ញាកម្ពុជាម្នាក់កំពុងខ្នះខ្នែងប្រកួតនៅក្រៅប្រទេស
ពិតណាស់ កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៤ កន្លងទៅ Miss Aura Cambodia 2024 កញ្ញា កែវ សេងលីហួ បានតំណាងប្រទេសកម្ពុជាធ្វើដំណើរទៅចូលរួមប្រកួត Miss Aura International 2024 នៅឯប្រទេសទួកគី។
គិតមកដល់ពេលនេះ រយៈពេល ១០ ថ្ងៃមកហើយ ដែលកញ្ញា កែវ សេងលីហួ បាន និង កំពុងស្ថិតក្នុងដំណើរការប្រកួត Miss Aura International 2024 ដែលធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យបវរកញ្ញាកម្ពុជាចាប់អារម្មណ៍ និង សរសើរពីភាពលេចធ្លោរបស់នាងក្នុងកម្មវិធីប្រកួតពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្ដែង មកដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៤ យប់មិញនេះ កម្មវិធី Miss Aura International 2024 ក៏បានឈានដល់វគ្គប្រកួតឈុតតំណាងជាតិ ឃើញថាបវរកញ្ញាកម្ពុជាយើង កញ្ញា កែវ សេងលីហួ បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការរំភើប និង សរសើរខ្លាំង ដោយនាងបានដើរបង្ហាញឈុតតំណាងជាតិលើឆាកអន្តរជាតិនេះបានយ៉ាងល្អ និង លេចធ្លោជាមួយឈុតដ៏ប្រណីតល្អឯករបស់កម្ពុជា។
ឈុតតំណាងជាតិ ដែលកញ្ញា កែវ សេងលីហួ បានយកទៅប្រកួតលើឆាកអន្តរជាតិនេះ មានឈ្មោះថា «ព្រះម៉ែធរណី» ដែលមានអត្ថន័យថា ៖ «ព្រះម៉ែធរណី ជាទេពមួយព្រះអង្គ ជាអ្នកថែរក្សាទឹក និង ដី បានផ្ដល់នូវភាពសុខសាន្តសម្បូរសប្បាយ និង រុងរឿងក្នុងអាណាចក្រខ្មែរ។ ព្រះនាង មានរិទ្ធានុភាពខ្លាំងពូកែណាស់ ដែលប្រជាជនខ្មែរ គោរពបូជា ធ្វើពិធីរំឭកផ្សេងៗ ឧទារហណ៍ ពេលឡើងផ្ទះថ្មី សុំម្ចាស់ទឹកម្ចាស់ដីតាមថែរក្សាជាដើម ហើយព្រះនាងបានប្រទះឃើញក្នុងសិលាចារឹកខ្មែរ នៃសតវត្សទី 14 និង 16 នៃគ.ស តែព្រះនាងមានវត្តមានក្នុងមុនសម័យកាលអង្គរមកម្លេះ។ ប្រជាជនកម្ពុជាមានការគោរពយ៉ាងមុតមាំទៅលើព្រះម៉ែធរណី»៕
សូមទស្សនាវីដេអូខាងក្រោម៖