ករណីផ្ទុះថ្មទូរស័ព្ទលើយន្តហោះ អ្នកដំណើរជាង ១០០ នាក់ចលាចលភ័យស្លន់ប្រជ្រៀតគ្នារត់ចេញរកព្រះអាយ៉ូស
នៅវេលាម៉ោងប្រមាណជា ៧ ព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) មានករណីផ្ទុះថ្មទូរស័ព្ទរបស់អ្នកដំណើរម្នាក់របស់ជើងហោះហើរ Southwest Airlines បង្កជាការចលចលភ័យស្លន់ដល់អ្នកដំណើរជាង ១០០ នាក់ផ្សេងទៀតរហូតនាំគ្នារើវ៉ាលិសប្រជ្រៀតគ្នារត់គេចចេញពីយន្តហោះភ្លាមៗ។
ហេតុការណ៍ខាងលើនេះដែរបានកើតឡើងលើយន្តហោះរបស់ក្រុមហ៊ុន Southwest Airlines ជើងហោះហើរលេខ 3316។ មុនកើតហេតុ ខណៈអ្នកដំណើរទាំងអស់កំពុងអង្គុយរង់ចាំយន្តហោះហោះចេញពីព្រលានយន្តហោះ Denver នៅរដ្ឋ Colorado សហរដ្ឋអាមេរិក ទៅកាន់ទីក្រុង Houston រដ្ឋ Texas ភ្លាមៗក៏ស្រាប់តែទូរស័ព្ទរបស់អ្នកដំណើរម្នាក់ផ្ទុះឆេះថ្មបង្កជាអគ្គិភ័យឆាបឆេះក្នុងកាប៊ីនយន្តហោះ បណ្ដាលឱ្យអ្នកដំណើរជាច្រើនផ្សេងទៀតភ៏យស្លន់ស្លោនាំគ្នាងើបជម្លៀសខ្លួនចេញពីយន្តហោះ។
បុគ្គលិកលើយន្តហោះបានពន្លត់ភ្លើងរលត់អស់ទាំងស្រុង ខណៈអ្នកដំណើរទាំង ១០៨ នាក់ត្រូវបានជម្លៀសខ្លួនចេញបានដោយសុវត្ថិភាព។ ក្នុងនោះដែរ មានអ្នកដំណើរម្នាក់បានរងរបួសអំឡុងពេលធ្វើការជម្លៀសខ្លួនចេញ ហើយអ្នកដំណើរដែលទូរស័ព្ទផ្ទុះថ្មឆេះនោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលដៃដែលរងរបួស៕