រូបថតមួយសន្លឹករបស់ តាវ មីងស៊ឺ តៃវ៉ាន់ ថតដោយអ្នកគាំទ្រ កំពុងផ្ទុះការវែកញែកខ្លាំងលើសម្រស់
និយាយដល់តួប្រុស តាវ ម៉ីនសឺ ប្រចាំរឿង F4 តៃវ៉ាន់ មកទល់ពេលនេះ ទោះបីជាវ័យ ៤៧ ឆ្នាំទៅហើយក្ដី ប៉ុន្តែរាល់ពេលចូលរួមកម្មវិធីម្ដងៗ រូបលោកនៅតែអាចឆក់បានបេះដូងនារីៗអ្នកគាំទ្រឱ្យលង់ស្នេហ៍លើរូបសម្រស់របស់លោក ក៏ព្រោះតែលោកនៅតែស្រស់សង្ហាខ្លាំង សាច់សខ្ចីល្ហក់ ដូចកំលោះវ័យជាង ២០ ឆ្នាំ។
យ៉ាងណាមិញ ថ្មីៗនេះ រូបសម្រស់របស់លោក ក៏បានក្លាយទៅជាប្រធានបទវែកញែកដ៏ក្ដៅគគុកតាមបណ្ដាញសង្គម ក្រោយរូបភាពរបស់លោក ដែលថតបានដោយអ្នកគាំទ្រ បង្ហាញឱ្យឃើញផ្ទៃមុខរបស់លោកមិនម៉ត់រលោង ស្បែកមិនសូវភ្លឺថ្លា ដូចរូបដែលឃើញពីមុនៗឡើយ។ ដោយឃើញរូបភាពពិត មិនដូចរូបដែលបង្ហោះកាលពីកន្លងមក ធ្វើឱ្យមហាជនអ្នកលេងតាមបណ្ដាញសង្គមមួយចំនួន បង្ហាញការខកចិត្ត ដោយខ្លះលើកឡើងថា ៖ «នេះហើយគឺ Jerry Yan ដែលអាយុជិត ៥០ ឆ្នាំ មានមុខមាត់ពិតបែបនេះ»។
ដោយឡែក ខណៈមហាជនមួយចំនួនហាក់ខកចិត្តចំពោះរូបភាពមិនស្អាតរបស់តារាសម្ដែង Jerry Yan ក៏នៅមានមហាជនមួយចំនួនទៀត ចេញមកការពារតារាប្រុសក្នុងដួងចិត្តរបស់ពួកគេ ដោយខ្លះនិយាយថា ៖ «គាត់នៅតែមើលទៅសង្ហាជាង ៩៩% នៃអ្នកដែលមានអាយុស្របាលគាត់» «គាត់នៅតែមើលទៅក្មេងជាងអាយុគាត់ ១០ ឆ្នាំ»៕