សោកស្ដាយ! អ្នកបញ្ចូលសំឡេងតួអង្គតុក្កតាដ៏ល្បី «Doraemon» ទទួលមរណភាពក្នុងវ័យ ៩០ ឆ្នាំ
ជាដំណឹងដ៏សោកសៅ និង សោកស្ដាយមួយចំពោះអ្នកគាំទ្រភាពយន្តគំនូរជីវចលរបស់ជប៉ុន ដោយលោកស្រី Nobuyo Oyama អ្នកបញ្ចូលសំឡេងអាជីពឱ្យតួអង្គតុក្កតាដ៏ល្បី «Doraemon» បានទទួលមរណភាពទៅហើយក្នុងវ័យ ៩០ ឆ្នាំ នេះបើតាមការបញ្ជាក់ពីខាងភ្នាក់ងាររបស់លោកស្រីនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ នេះ។
តាមការបញ្ជាក់ លោកស្រី Oyama បានលាចាកលោកទៅតាំងពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅមកម្ល៉េះ ដោយលោកស្រីចាកចេញទៅដោយជរាពាធ។ ជាមួយគ្នានោះដែរ ខាងភ្នាក់ងារក៏បានធ្វើការសុំអភ័យទោសផងដែរចំពោះការប្រកាសដំណឹងដ៏ក្រៀមក្រំមួយនេះយឺតយ៉ាវ។ ពិធីបុណ្យសពរបស់លោកស្រី Oyama រៀបចំឡើងលក្ខណៈឯកជនដោយមានការចូលរួមតែពីសំណាក់សាច់ញាតិក្រុមគ្រួសារតែប៉ុណ្ណោះ។
លោកស្រី Nobuyo Oyama ផ្ទុះប្រជាប្រិយភាពមានគេស្គាល់ច្រើនក្រោយលោកស្រីធ្វើការបញ្ចូលសំឡេងឱ្យតួអង្គ Doraemon ក្នុងរឿងតុក្កតាដ៏ល្បី «Doraemon» ដែលចាក់ផ្សាយលើទូរទស្សន៍ចាប់ពីឆ្នាំ ១៩៧៩ រហូតដល់ឆ្នាំ ២០០៥។ រឿងតុក្កតាដ៏ល្បីមួយនេះតែមិនត្រឹមតែផ្ទុះការទស្សនាក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែក៏ល្បីខ្លាំងតាមបណ្ដាប្រទេសជាច្រើននៅអាស៊ីយើងផងដែរ៕