ខូចចិត្តសង្សារទាត់ចោល លែងខ្វល់ពីរូបរាង អាយុទើប ២៤ ឆ្នាំ តែបណ្ដោយខ្លួនដូចតាចាស់អាយុ ៥០ ឆ្នាំ
បុរសវ័យ ២៤ ឆ្នាំម្នាក់ ត្រូវសង្សារទាត់ចោល ខូចចិត្តរហូតរត់ចេញពីផ្ទះ បណ្តែតបណ្ដោយខ្លួនឱ្យរយីករយាកខ្លាំង ដោយត្រឹមពេលកន្លះឆ្នាំ មុខប្រែជាចាស់ជ្រីវជ្រួញ ពុកមាត់យ៉ាងស្រមូម ដូចលោកតាអាយុ ៥០ ឆ្នាំ។
បុរសវ័យក្មេង ដែលមិនបញ្ចេញឈ្មោះ ថ្មីៗនេះ បានផ្លាស់ប្ដូរឈ្មោះលើបណ្ដាញសង្គមចិន Douyin របស់ខ្លួន ពី «Thai Son Traveler» ទៅជា «Uncle born in 2000» ដើម្បីបញ្ឈប់ការយល់ច្រឡំរបស់មហាជន ដែលគិតថាលោកជាមនុស្សចំណាស់។ បុរសរូបនេះ ចាប់ផ្ដើមល្បី នៅចុងខែកក្កដា កន្លងទៅ ក្រោយយុវវ័យមួយក្រុមពីខេត្ត Sichuan ប្រទេសចិន ធ្វើដំណើរកម្សាន្តទៅលេងទីបេ ហើយក៏ប្រទះឃើញលោកនៅក្នុងខ្ទមមួយតាមផ្លូវ។ ឃើញស្ថានភាពមនុស្សចាស់លំបាកបែបនេះ ពួកគេក៏ឈប់ក្នុងបំណងចង់ជួយ ប៉ុន្តែបែរជាទទួលបានភាពភ្ញាក់ផ្អើលមកវិញ នៅពេលបុរសរូបនោះនិយាយថា រូបគេមានអាយុត្រឹម ២៤ ឆ្នាំប៉ុណ្ណោះ។ ត្រឹមសម្ដីនិយាយ ក្រុមយុវវ័យទាំងនោះ គឺមិនជឿនោះឡើយ ដោយសុំឱ្យលោកបង្ហាញអត្តសញ្ញាណប័ណ្ណបញ្ជាក់។
អ្វីៗត្រូវបានបញ្ជាក់ការពិតយ៉ាងច្បាស់ ក្រោយអត្តសញ្ញាណប័ណ្ណរបស់លោក បង្ហាញថា លោកជាអ្នកខេត្ត Hubei កើតក្នុងខែធ្នូ ឆ្នាំ ២០០០។ លោកចាប់ផ្ដើមដំណើរផ្សងព្រេងចេញពីផ្ទះ កាលពីខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ ហើយក៏ដឹងខ្លួនដែរថា នឹងបាក់សម្រស់ចាស់លឿនជាងអាយុ ដោយសារតែការធ្វើដំណើរផ្លូវឆ្ងាយ កាត់ថ្ងៃកាត់ភ្លៀងគ្មានអ្វីការពារខ្លួននោះ។
ដំណើរផ្សងព្រេងប្រចាំថ្ងៃរបស់លោក មានសត្វឆ្កែអនាថាមួយក្បាលកំដររជាមួយ ហើយដោយសារតែនៅក្រោមពន្លឺថ្ងៃខ្លាំងពេក ធ្វើឱ្យលោកជ្រុះសក់សឹងអស់។ រយៈពេលប៉ុន្មានខែមកនេះ លោកសម្រេចចិត្តមិនកាត់សក់ ឬកោរសក់ និងពុកមាត់ឡើយ ដើម្បីការពារស្បែករបស់លោកពីពន្លឺថ្ងៃ។
ចំពោះមូលហេតុនៃដំណើរផ្សងព្រេងនេះវិញ លោកបានទម្លាយថា ដោយសារតែមិត្តស្រីលោកបោះបង់លោកចោល។ ការឈឺចិត្ត ខូចចិត្តព្រោះស្នេហានេះហើយ បានធ្វើឱ្យលោករងសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរ ទើបចាកចេញពីផ្ទះផ្សងព្រេងផ្លូវឆ្ងាយ ដើម្បីជួយសម្រួលផ្លូវចិត្តរបស់លោកមកវិញ៕
ប្រភព៖ VN Express