អ្នកឧកញ៉ា គិត ម៉េង ប្រាប់ពីគន្លឹះល្អៗរបៀបផ្តល់ក្ដីសុខឱ្យខ្លួនឯង ត្រឹមទង្វើមួយនឹងផ្តល់លទ្ធផលពិតៗ
ការផ្តល់សុភមង្គលដល់ខ្លួនឯង មិនចាំបាច់ទាល់តែធ្វើរឿងអស្ចារ្យ ឬមានអ្វីៗគ្រប់យ៉ាងនោះទេ ត្រឹមតែរឿងតូចតាច និង ចេញពីចិត្ត ក៏ចាត់ទុកជាការផ្តល់សុភមង្គលដល់ខ្លួនឯងផងដែរ។ ជាក់ស្តែង សូម្បី អ្នកឧកញ៉ា គិត ម៉េង សេដ្ឋីវាល់លាននៅស្រុកខ្មែរ លោកក៏បានលើកឡើងពីរបៀបផ្តល់សុភមង្គលឱ្យខ្លួនឯង ដែលតាមពិតទៅ វាកើតចេញពីទង្វើសាមញ្ញយើងគ្រប់គ្នាច្រើនមើលរំលង។ លោកបានចែករំលែកតាមរយៈរឿងមួយ ដែលលោកបានអានដូចខាងក្រោម៖
«តើអ្នកស្វែងរកសុភមង្គលរបស់អ្នកដោយរបៀបណា? ខ្ញុំបានអានរឿងមួយ ហើយគិតថាវានឹងមានតម្លៃ ក្នុងការចែករំលែកគំនិតទាក់ទងនឹងរបៀបដែលយើងអាចផ្តល់សុភមង្គលមកខ្លួនយើងបាន។
នៅពេលមួយនោះ មានមនុស្ស ១០០ នាក់បានចូលរួមសិក្ខាសាលាមួយស្តីពីការអភិវឌ្ឍន៍ខ្លួនឯង។ ក្នុងពេលដែលពួកគេកំពុងពិភាក្សាគ្នានោះ ស្រាប់តែបុរសជាវាគ្មិនម្នាក់បានបញ្ឈប់ ហើយសម្រេចចិត្តរៀបចំឱ្យមានជាក្រុមដោយមិនបានព្រាងទុក ដើម្បីអនុវត្តនូវអ្វីដែលពួកគេបានជជែក។ វាគ្មិននោះបានហុចប៉េតប៉ោងមួយទៅអ្នកចូលរួមម្នាក់ៗ ហើយប្រាប់ពួកគេឱ្យសរសេរឈ្មោះរបស់ពួកគេនៅលើប៉េតប៉ោងនោះ។
បន្ទាប់មក ប៉េតប៉ោងទាំងនោះត្រូវបានប្រមូលយកទៅដាក់ក្នុងបន្ទប់មួយនៅជាប់បន្ទប់សិក្ខាសាលា។ ក្រោយមក វាគ្មិននោះបានប្រាប់អ្នកចូលរួមទាំង ១០០ នាក់ ឱ្យចូលទៅក្នុងបន្ទប់នោះ ហើយត្រូវស្វែងរកប៉េតប៉ោង ដែលមានសរសេរឈ្មោះរបស់ខ្លួន ឱ្យឃើញក្នុងរយៈពេល ៥ នាទី។
ភាពឥតរបៀបរៀបរយក៏បានកើតមាន ក្នុងកំលុងពេលដែលអ្នកចូលរួមបានចូលទៅក្នុងបន្ទប់នោះ ដោយសារពួកគេរុញ និង បុកគ្នាទៅវិញទៅមក ដើម្បីប្រឹងរកឈ្មោះរបស់ពួកគេដោយគ្មានសង្ឃឹម។
៥ នាទីកន្លងផុតទៅ គ្មាននរណាម្នាក់បានរកឃើញឈ្មោះខ្លួនឯងនៅលើប៉េតប៉ោងនោះទេ។ វាគ្មិននោះក៏ប្រាប់អ្នកចូលរួមម្នាក់ៗឱ្យយកប៉េតប៉ោងណាមួយ ដែលខ្លួនយកបាន ហើយផ្តល់វាទៅឱ្យអ្នកដែលមានឈ្មោះសរសេរនៅលើប៉េតប៉ោងនោះ។ ក្នុងរយៈពេលតែប៉ុន្មាននាទី អ្នកចូលរួមម្នាក់ៗបានប៉េតប៉ោងដែលមានឈ្មោះខ្លួនមកវិញ។
បន្ទាប់មក គាត់បាននិយាយថា៖ «អ្វីដែលបានកើតឡើងជាមួយមេរៀនប៉េតប៉ោងទាំងនោះ គឺដូចទៅនឹងអ្វីដែលកើតឡើងក្នុងពេលដែលយើងស្វែងរកសុភមង្គលរបស់យើង។ យើងវក់វីស្វែងរកសុភមង្គលនៅជុំវិញខ្លួនយើង ទាំងដែលយើងមិនដឹងថាសុភមង្គលនៅទីណា។
តាមពិត សុភមង្គលរបស់យើងគឺផ្សារភ្ជាប់ទៅនឹងសុភមង្គលរបស់អ្នកដទៃ។ តាមរយៈការផ្តល់សុភមង្គលឱ្យទៅអ្នកដទៃ នោះអ្នកនឹងទទួលបានសុភមង្គលរបស់អ្នកដែរ»។
សុភមង្គល និង ភាពរីករាយកម្របានមកពីការស្វែងរកប្រយោជន៍ដើម្បីខ្លួនឯងណាស់ ប៉ុន្តែ វាតែងតែបានមកពីការធ្វើអំពើល្អទៅកាន់អ្នកដទៃ។ តាមរយៈការជួយអ្នកដទៃ យើងពិតជាជួយខ្លួនឯងឱ្យមានសុភមង្គលសម្រាប់ខ្លួនយើង»៕