ទីបំផុត! ផលិតកម្មបារមី ចាត់វិធានការតាមច្បាប់ចំពោះអ្នកធ្វើឱ្យបែកធ្លាយចម្រៀង វណ្ណដា
បើទោះជារំលងផុតទៅជាច្រើនថ្ងៃហើយក្តី តែរឿងរ៉ាវនៃការបែកធ្លាយបទចម្រៀងមួយ Folder របស់ វណ្ណដា នៅតែជាប្រធានបទក្តៅនៅលើបណ្តាញសង្គមហ្វេសប៊ុក សម្រាប់អ្នកគាំទ្រតារាចម្រៀងរ៉េបរូបនេះ។ មិនត្រឹមតែប៉ុណ្ណោះ មហាជនអ្នកគាំទ្រនៅតែបន្តសំណួរជាច្រើនពាក់ព័ន្ធនឹងបុគ្គលដែលបានធ្វើឱ្យបែកធ្លាយចម្រៀងនោះថា៖ «ហេតុអ្វីមិនបង្ហាញមុខ?»។
យ៉ាងណានៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ ផលិតកម្មបារមី បានបង្ហោះសារ និង សេចក្តីប្រកាសទាំងយប់ពាក់ព័ន្ធនឹងការបែកធ្លាយបទចម្រៀងរបស់តារាចម្រៀងរ៉េប វណ្ណដា ថា ផលិតកម្មស្ងប់ស្ងាត់មួយរយៈពេលនេះ គឺដើម្បីស្វែងរកឯកសារ និង មនុស្សពាក់ព័ន្ធ ព្រមទាំងអ្នកដែលបានចែកចាយបន្តបទចម្រៀងបែកធ្លាយនេះ។
តាមរយៈសារភ្ជាប់នូវសេចក្តីប្រកាស ផលិតកម្មបារមីបានរៀបរាប់ថា៖ «ទាក់ទងនឹងករណីបែកធ្លាយបទចម្រៀងថ្មីៗនេះ បារមី ជឿជាក់ថាសាធុជនទាំងអស់គ្នាមានការមន្ទិលសង្ស័យ និង ឆ្ងល់ថា ហេតុអ្វីបានជាបារមីស្ងាត់ម៉្លេះក្នុងរយៈពេលកន្លងមកនេះ? កន្លងមកនេះ បារមី កំពុងតែចំណាយពេលធ្វើការស៊ើបអង្កេត និង ស្រាវជ្រាវឯកជនដោយស្ងប់ស្ងាត់ និង ធ្វើការសុំអន្តរាគមន៍ពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីធ្វើការប្រមូលព័ត៌មាន ដែលពិតប្រាកដ និង ត្រឹមត្រូវ ដើម្បីស្វែងរកយុត្តិធម៌ និង ការពារសមិទ្ធិផលរបស់សិល្បកររបស់យើងយោងតាមច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និង សិទ្ធិប្រហាក់ប្រហែល និង អនុសញ្ញាទីក្រុងប៊ែនស្ដីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និង សិល្បៈ។ មកដល់ថ្ងៃនេះ បារមី បានប្រមូលឯកសារភ័ស្តុតាងជាង ៥០ សំណុំ និង រកឃើញមនុស្សពាក់ព័ន្ធនឹងការបែកធ្លាយនេះ ដែលពួកគេទាំងអស់បានចូលរួមសហការណ៍ជាមួយនឹងបារមី ក្នុងការស្វែងរកអ្នកដែលបានចែកចាយនូវបទចម្រៀងបែកធ្លាយបន្តទៀត។ សម្រាប់អ្នកដែលបានផុស និង ចែករំលែកបទចម្រៀងដែលបានបែកធ្លាយដោយគ្មានការអនុញ្ញាតទាំងអស់ អ្នកទាំងអស់គ្នាមានរយៈពេល ១៥ ថ្ងៃ ដើម្បីលុបចេញនៅការផុសទាំងអស់រាប់ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ មុនពេលដែលខាងយើងត្រូវធ្វើការចាត់វិធានការតាមផ្លូវច្បាប់។ បារមី សូមសំណូមពរទៅដល់មហាជនគ្រប់រូបចូលរួមធ្វើការ ចែកចាយនូវអត្ថបទមួយនេះទៅកាន់ មិត្តភ័ក្តិ បងប្អូន ជាពិសេសទៅកាន់អ្នកដែលបានចែកចាយនូវបទចម្រៀង ដែលបានបែកធ្លាយ និង សូមឱ្យអ្នករាល់គ្នា មេត្តាគោរពនូវកម្មសិទ្ធិបញ្ញា ស្នាដៃរបស់អ្នកនិពន្ធ និង សិទ្ធិរបស់ អ្នកនិពន្ធគ្រប់រូប»៕