ខូឡិកហ្សិន Couture នេះកំពុងផ្ទុះខ្លាំងនៅប៉ារីស តាមពិតជាថ្វីដៃរបស់កំលោះសង្ហាជនជាតិចិន CHENEY CHAN
Haute Couture គឺជាហ្វេហ្សិនលំដាប់ខ្ពស់ ជាសម្លៀកបំពាក់ប្រណីតដែលសម្រិតសម្រាំងយកគុណភាពលើគុណភាព រីឯម៉ូដត្រូវបានធ្វើឡើងដោយអ្នកឯកទេសខ្ពស់ មានភាព Unique ចំណែកតម្លៃវិញក៏មិនធម្មតាផងដែរ។ ខណៈបច្ចុប្បន្ន រដូវកាលបញ្ចេញខូឡិកហ្សិន Haute Couture បានមកដល់ ក្នុងនោះគេបានចាប់អារម្មណ៍ខ្លាំងទៅលើខូឡិកហ្សិនរបស់ម៉ាកយីហោមួយឈ្មោះថា CHENEY CHAN។ ជាក់ស្តែង ខូឡិកហ្សិនពីម៉ាកនេះ គ្រប់ឈុតទាំងអស់មើលមកពិតជាប្លែកភ្នែក ជាម៉ូដហ្វេហ្សិនលំដាប់ខ្ពស់ មានលក្ខណៈប្រណីតខ្លាំង និង លាយឡំសិល្បៈគួរជាទីចាប់ចិត្តបំផុត។
តាមការស្រាវជ្រាវរបស់ «ប្រជាប្រិយ» ម្ចាស់ប្រ៊េនសម្លៀកបំពាក់នេះបានប្រើឈ្មោះ CHENEY CHAN ដែលជាឈ្មោះរបស់ខ្លួនធ្វើជាម៉ាកយីហោតែម្តង។ លោក CHENEY CHAN ជាអ្នកច្នៃម៉ូដជនជាតិចិន រស់នៅទីក្រុងប៉េកាំង ប្រទេសចិន។ លោកបានបង្កើតប្រ៊េននេះនៅក្នុងឆ្នាំ ២០១២។ អត្តសញ្ញាណនៃការច្នៃម៉ូដប្រចាំប្រ៊េនរបស់លោក គឺការផ្តោតទៅលើ «បំណែកនៃភាពអេឡេហ្គង់» ដែលជាការលាយបញ្ចូលគ្នាបែបសហសម័យ រវាងរចនាសម្ព័ន្ធស្ថាបត្យកម្ម និង ធាតុក្លាសិករបស់ចិន ដើម្បីបង្ហាញពីរាងរៅដ៏ស្រស់ស្អាតរបស់ស្ត្រី។ ខណៈផ្តោតលើសិល្បៈហត្ថកម្មប្រពៃណី ម៉ាករបស់លោកក៏បានដាក់បញ្ចូលនូវទម្រង់សិល្បៈសហសម័យថ្មីៗ ដើម្បីបង្កើតភាពល្អឯកដែលជាស្នូលដ៏សំខាន់របស់ម៉ាកយីហោផងដែរ។
ចំពោះការចាប់ផ្តើមជាមួយសម្លៀកបំពាក់ Haute Couture កាលពីឆ្នាំ ២០២១ លោក CHENEY CHAN បានបង្កើតការបង្ហាញសម្លៀកបំពាក់ Couture មួយមានឈ្មោះថា Jinghong Zhaoying ឬប្រែមកថា ស្រមោលសម្រស់ដ៏អស្ចារ្យ។ កម្មវិធីនេះបង្កើតឡើងដើម្បីជាឱកាសបង្ហាញពីការអភិវឌ្ឍន៍ម៉ាកយីហោទៅក្នុង Oriental Fashion House ឬ ផ្តោតការច្នៃម៉ូដដកស្រង់ពីប្រពៃណី វប្បធម៌ និង សិល្បៈដែលបន្សល់ជាយូរលង់។ គ្រានោះ លោកបង្កើតឈុតខូឡិកហ្សិនដកស្រង់ចេញពីស្រមោលដើមឫស្សី និង ភាពឆើតឆាយនៃព័រសឺឡែន។ ក្រោយចំណាយពេលរាប់រយម៉ោងទៅលើឈុតខូឡិកហ្សិន ទីបំផុតលោកទទួលបានផ្លែផ្កាសម្លៀកបំពាក់ Couture ដែលមានការចាប់អារម្មណ៍លើសពីការរំពឹងទុក។
នៅឆ្នាំ ២០២៣ អ្នកច្នៃម៉ូដជាម្ចាស់ម៉ាកយីហោ CHENEY CHAN បានបោះជំហានឡើងទៅមួយកម្រិតទៀត ដោយចាប់ផ្តើមជាមួយកម្មវិធីហ្វេហ្សិនលំដាប់ខ្ពស់។ លោកបានបង្កើតខូឡិកហ្សិន ដោយបញ្ចូលសិល្បៈហត្ថកម្មប្រពៃណីដូចជា ប្រពៃណីឌិនអង្កាំ ប្រពៃណីប៉ាក់ហាងចូវ ក្បាច់ប៉ាក់ក្នុងរាជវាំង សិល្បៈធ្វើផ្កា និង សិល្បៈហត្ថកម្មជាច្រើន ដែលផ្នែកនីមួយៗត្រូវបានប្រើពេល និង ការផ្ចិតផ្ចង់យ៉ាងខ្លាំង រហូតបញ្ចេញបានសម្លៀកបំពាក់ដែលមានលក្ខណៈក្លាសិកបំផុត។
ជាជោគជ័យបង្ហាញជាក់ស្តែង នៅឆ្នាំ ២០២៤ នេះ លោក CHENEY CHAN បានបញ្ចេញ ខូឡិកហ្សិន Couture F/W 24/25 សម្រាប់រដូវត្រជាក់នៅក្នុងកម្មវិធី Paris Fashion Week នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។ ខូឡិកហ្សិននេះមានឈ្មោះថា «Dream in Bloom» ដែលបង្ហាញពីសម្រស់នៃផ្ការីក និង មេអំបៅ។ គ្រប់ឈុតទាំងអស់សុទ្ធសឹងប្លែកភ្នែក ម៉ូដធំៗ និង មានភាពប្រណីតឥតខ្ចោះ។ ជាមួយខូឡិកហ្សិននេះ អន្តរជាតិបានងាកមកចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើស្នាដៃ ក៏ដូចជាយីហោរបស់លោក។ ជាពិសេសឈុតរបស់លោក បានទាក់ទាញចង្កោមអ្នកហ្វេហ្សិននិយមជាន់ខ្ពស់ តារាល្បីៗ និង ក្រុមហ៊ុនហ្វេហ្សិនល្បីៗលំដាប់ពិភពលោកផងដែរ៕