ស្ដែងៗ! ឈរនិយាយទូរស័ព្ទអត់ដឹងរថភ្លើងមក តែចេះនឹកឃើញវិធីឆ្លាតមួយ រួចជីវិតទាំងប្រផុតប្រផើយ
ហេតុការណ៍ព្រលឹងចុងសក់មួយបានកើតមានលើបុរសម្នាក់នៅក្នុងប្រទេសឥណ្ឌា ដោយរូបលោកអាចរួចផុតអាយុជីវិតពីគ្រោះថ្នាក់ដោយរថភ្លើងបានដោយភាពរវៀសវាងវៃរបស់លោក។
ហេតុការណ៍ខាងលើនេះដែរបានកើតមានឡើងនៅវេលាម៉ោងប្រមាណ ៥ ល្ងាចថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) ជិតស្រុក Kannur រដ្ឋ Kerala ប្រទេសឥណ្ឌា។ បុរសរូបនោះត្រូវបានគេស្គាល់ឈ្មោះថា Pavithran អាយុ ៥៦ ឆ្នាំ ដោយតាមកាមេរ៉ាសុវត្ថិភាពបានថតជាប់សកម្មភាពរបស់លោកស្ដែងៗអំឡុងពេលក្រាបដេកលើផ្លូវរថភ្លើងទាំងរថភ្លើងកំពុងបរកាត់។ ក្រោយរថភ្លើងទៅផុត រូបលោកក៏ងើបឈរដើរចេញមកវិញដោយមិនមានគ្រោះថ្នាក់អ្វីនោះឡើយ។
តាមសម្ដីរបស់លោក Pavithran បាននិយាយថា ពេលនោះលោកកំពុងតែនិយាយទូរស័ព្ទហើយក៏មិនបានចាប់អារម្មណ៍ថារថភ្លើងបើកមកនោះដែរ ពេលដឹងខ្លួនគឺយឺតពេលក្នុងការរត់គេចទៅហើយ។ ដោយភាពវៀសវៃគិតចេញទាន់ រូបលោកក៏សម្រេចចិត្តក្រាបចុះដេកលើផ្លូវរថភ្លើងដើម្បីសង្គ្រោះជីវិតខ្លួន។
ទង្វើដ៏រហ័សរបស់លោក Pavithran បានធ្វើឱ្យគ្រប់គ្នាសរសើរដោយសារតែវាអាចជួយឱ្យលោកគេចផុតពីសេចក្ដីស្លាប់បាន តែយ៉ាងណាមិញ ប៉ូលិសក៏បានក្រើនរំឭកដល់ពលរដ្ឋទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ហើយសកម្មភាពរបស់លោក Pavithran គឺជាជម្រើសទាល់ច្រក តែគ្រប់គ្នាមិនគួររៀនតាមនោះឡើយព្រោះតែវាគ្រោះថ្នាក់ខ្លាំង៕