ទ្រាំលាក់ទៀតលែងបាន Youtuber កូរ៉េល្បីម្នាក់ ទម្លាយខ្ទេចរឿងសង្សារធ្វើបាបទាំងកាយ និង ចិត្តអស់ ៤ ឆ្នាំ ឡើងបាក់ស្បាត
ថ្មីៗនេះ Tzuyang ដែលត្រូវបានគេស្គាល់ថា Mukbang Youtuber ដ៏ល្បីរបស់កូរ៉េ បានចេញមុខមកទម្លាយរឿងរ៉ាវពីបញ្ហាជីវិត ដែលត្រូវអតីតសង្សារធ្វើបាបទាំងផ្លូវកាយ និង ផ្លូវចិត្តអស់រាប់ឆ្នាំ។
នាងបានឱ្យដឹងថា ក្នុងអំឡុងពេលទាក់ទងគ្នា សង្សាររបស់នាងតែធ្វើបាបរាងកាយនាងជាប្រចាំ ហើយនៅពេលដែលនាងសុំបែក គេក៏តែគំរាមទម្លាយវីដេអូរបស់នាង។ ក្រោយមកគេក៏បានបង្ខំឱ្យនាងទៅធ្វើជាអ្នកចាក់ស្រានៅបារមួយកន្លែង ហើយក៏បានយកលុយដែលនាងរកបានទាំងអស់។
នាងក៏បានព្យាយាមរកវិធីផ្សេងដើម្បីគេចចេញពីការធ្វើអ្នកចាក់ស្រា ដោយបានបង្កើត Youtube ធ្វើ Mukbang Video រហូតដល់មានការផ្ទុះទស្សនារាប់លាន និង មានអ្នកស្គាល់នាងជាច្រើន។ ក្នុងនោះ អតីតសង្សារបានបង្កើតក្រុមហ៊ុនដើម្បីគ្រប់គ្រងការងាររបស់នាង ដោយឱ្យនាងចុះកុងត្រាផ្តល់ប្រាក់ ៧០ ភាគរយ ដែលនាងរកបានទៅឱ្យគេ ។
នាងត្រូវបានសង្សាររូបនេះគាបសង្កត់យកទាំងប្រាក់កាសពីនាងអស់ ៣ លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំ។ គេតែងគំរាមនាងជារឿយៗ នៅពេលដែលនាងសុំឱ្យគេចេញពីជីវិតរបស់នាង រហូតដល់លើកចុងក្រោយ គេបានបំផ្លើសព័ត៌មានរបស់នាងទៅខាងក្រៅ ដែលធ្វើឱ្យនាងសម្រេចចិត្តដាក់ពាក្យបណ្តឹង។ យ៉ាងណាមិញ សុំណុំរឿងរបស់នាងក៏ត្រូវបានច្រានចោល ដោយគ្មានហេតុផលឱ្យកាត់ក្តី ព្រោះក្រោយមកសង្សាររូបនោះបានសម្លាប់ខ្លួនបាត់ទៅហើយ៕