ក្តៅៗ ស្ថាប័ន Miss Grand រតនគិរី ចេញប្រកាសច្រានចោលជុំវិញរឿងមង្គលការ និង អាយុរបស់កញ្ញា ម៉ាច ដាវី ដែលគេបានបង្ហោះឡើង
ប៉ុន្មានថ្ងៃមកនេះ អ្នកគាំទ្រវិស័យបវរកញ្ញាកំពុងតែក្ដៅគគុកជាមួយវីដេអូ និង រូបភាពបែកធ្លាយរបស់ Miss Grand រតនគិរី 2024 គឺកញ្ញា ម៉ាច ដាវី ដោយមានគណនីហ្វេសប៊ុកផេកមួយបានបង្ហោះថា បវរកញ្ញាតំណាងខេត្តមួយនេះបានរៀបការមានប្តីរួចហើយតាំងពីឆ្នាំ ២០២២ មកម្ល៉េះ។
ក្នុងនោះ រូបភាព និង ព័ត៌មានបែកធ្លាយពី Miss Grand រតនគិរី 2024 កញ្ញា ម៉ាច ដាវី នេះ គឺត្រូវបានបង្ហោះឡើងចេញពីគណនីហ្វេសប៊ុកផេកមួយមានឈ្មោះ Dariya Kun ដោយគណនីមួយនេះបាន និង កំពុងបន្តផុសរូប និង វីដេអូជាច្រើន។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវកំពុងផ្ទុះការចែករំលែកនោះដែរ នៅយប់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤ កន្លងទៅ ផេកហ្វេសប៊ុកផ្លូវការ Miss Grand Ratanakiri បានចេញសេចក្តីជូនដំណឹង តាមរយៈការបង្ហោះ status ច្រានចោលថាការបង្ហោនោះគឺមិនពិត ដោយពេលនេះស្ថាប័នសុំពេលបន្តិចសិន ហើយនឹងបង្ហាញភស្តុតាងពាក់ព័ន្ធនឹងករណីខាងលើផងដែរ។
សារនោះដែរ ផេកហ្វេសប៊ុកផ្លូវការ Miss Grand Ratanakiri បានរៀបរាប់ថា ៖ «សេចក្តីជូនដំណឹង! សូមអរគុណទស្សនិកជនអ្នកគាំទ្រទាំងអស់ដែលបានអត់ធ្មត់ក្នុងការរង់ចាំការបកស្រាយពី កញ្ញា ម៉ាច ដាវី Miss Grand Ratanakiri 2024 ជុំវិញរឿងរ៉ាវរូបថត វីដេអូ និង ព័ត៌មាន ដែលត្រូវបានបង្ហោះលើបណ្តាញសង្គមមុននេះ។
យើងនឹងធ្វើការបកស្រាយបង្ហាញការពិត ភ្ជាប់ដោយភស្តុតាងពាក់ព័ន្ធទៅនឹងករណីនេះ។ ជាមួយគ្នានេះ យើងសូមច្រានចោលព័ត៌មានមិនពិតជុំវិញពិធីមង្គលការ និង អាយុ របស់កញ្ញា ម៉ាច ដាវី ដែលត្រូវបានចែកចាយមុននេះផងដែរ។ លិខិតបញ្ជាក់ភាពនៅលីវរបស់នាងនឹងត្រូវបង្ហាញក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ជាក់ភាពស្អាតស្អំជូនកញ្ញាឯករបស់យើង។
ក្នុងនាមជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Ratanakiri សូមឱ្យអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ឈប់រាល់សកម្មភាព នៃការចែករំលែកព័ត៌មានមិនពិត និង ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ អសីលធម៌មកកាន់កញ្ញាឯកយើង ហើយយើងក៏នឹងធ្វើចំណាត់ការទៅតាមផ្លូវច្បាប់ រាល់សកម្មភាពទាំងឡាយណា ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់កញ្ញា ម៉ាច ដាវី និង ស្ថាប័នយើង។
ក៏សូមថ្លែងអំណរគុណចំពោះអ្នកគាំទ្រ ទស្សនិកជន ដែលបានជឿជាក់ និង គាំទ្រមកកាន់កញ្ញាឯក និង ស្ថាប័នយើង ដែលនេះជាកម្លាំងចិត្តសម្រាប់ពួកយើងបន្តបេសកកម្មចូលរួមប្រកួតឈរលើស្មារតីស្មោះត្រង់យុត្តិធម៌ក្នុងកម្មវិធី Miss Grand Cambodia 2024»៕