ធ្លាប់បរាជ័យជីវិតគូម្ដង! មានប្រពន្ធក្រោយនេះ នាយ តាក់ស៊ី សូមឱ្យនាងស្មោះស្នេហ៍នឹងលោកអស់មួយជីវិត
គិតមកទល់ពេលនេះ រយៈពេលជាង ២ ឆ្នាំហើយ ដែលតារាកំប្លែង នាយ តាក់ស៊ី ប្រកាសរួមរស់ជាប្ដីប្រពន្ធជាមួយប្រពន្ធក្រោយប្របកដោយសុភមង្គល ដោយគេសង្កេតឃើញតារាកំប្លែងប្រុសរូបនេះហាក់មានយីអ៊ុនឡើងជាងមុន ទាំងមុខរបររកស៊ី និង ការងារ ធ្វើឱ្យជីវភាពលោកពេលនេះល្អប្រសើរជាងមុន មានលុយ មានឡាន មានផ្ទះសមរម្យរស់នៅយ៉ាងមានក្ដីសុខ។
មិនត្រឹមតែមានសំណាងអាចរក្សាលំនឹងនៃការរស់នៅបានទេ នាយ តាក់ស៊ី ថែមទាំងត្រូវប្រពន្ធក្រោយ ចេះស្រឡាញ់ថ្នាក់ថ្នម មើលថែផ្គាប់ផ្គន់លោកពេលឈឺថ្កាត់គ្រប់ពេលវេលាទៀតផង។
ដោយឡែក ថ្មីៗនេះ តារាកំប្លែង នាយ តាក់ស៊ី កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ពីខ្សែជីវិតប្ដីប្រពន្ធរបស់លោក ខណៈបានឃើញលោកបង្ហោះសារយ៉ាងផ្អែមល្ហែម និង មានអត្ថន័យទៅកាន់ភរិយាបណ្ដូលចិត្តក្នុងថ្ងៃកំណើតរបស់អ្នកនាង ដែលបង្ហាញពីក្ដីស្រឡាញ់ ព្រមទាំងអរគុណភរិយាសម្រាប់ការមើលថែលោកយ៉ាងកក់ក្ដៅកន្លងមក។
ក្នុងនោះ នាយ តាក់ស៊ី រៀបរាប់ថា ៖ «ថ្ងៃព្រហស្បតិ៍ ទី ០៤ ខែ ០៧ ឆ្នាំ ២០២៤ គឺជាថ្ងៃខួបកំណើតរបស់ប្រពន្ធ ប្តីសូមជូនពរប្រពន្ធសម្លាញ់ ឱ្យមានសុខភាពល្អ សម្រស់កាន់តែស្អាត រកលុយចូលច្រើនៗ សូមឱ្យស្មោះនឹងប្តីអស់មួយជីវិត អរគុណសម្រាប់មើលថែប្តីបានល្អ សូមអរគុណ»៕