បុរសខ្ពស់ជាងគេលើលោក សារភាពត្រង់ៗថា មិនហ៊ាននៅជិតបុរសទាបជាងគេលើលោកទេ
សារព័ត៌មាន New York Post បានចុះផ្សាយនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៣ កន្លងទៅថា បុរសដែលខ្ពស់ជាងគេបំផុតលើពិភពលោកបានបង្ហើបថា លោកធ្លាប់បានសុំឱ្យមន្ត្រី Guinness World Records ឱ្យលោកនៅឆ្ងាយពីបុរស ដែលមានកម្ពស់ទាបជាងគេបំផុតក្នុងពិភពលោក នៅពេលដែលពួកគេជួបគ្នា ដោយសារតែលោកខ្លាចថា លោកនឹងដើរជាន់លើបុរសដែលទាបនោះ។
យ៉ាងណាមិញ លោក Sultan Kösen ដែលជាបុរសកាន់កំណត់ត្រា Guinness ខាងខ្ពស់ជាងគេក្នុងពិភពលោក ដោយមានកម្ពស់ប្រមាណ ២.៥១ ម៉ែត្រមកពីប្រទេស ទួរគី ធ្លាប់បានជួបបុរស ដែលទាបជាងគេបំផុតក្នុងពិភពលោកគឺ លោក Chandra Bahadur Dangi ដែលមកពីប្រទេស ឥណ្ឌា ដោយមានកម្ពស់ត្រឹមតែ ១.២២ ម៉ែត្រកាលពីឆ្នាំ ២០១៤ នៅទីក្រុងឡុងដ៍។ ហើយលោក Kösen ក៏បានប្រាប់ YouTuber ឈ្មោះ Ruhi Cenet របស់ទួរគីថា «ខ្ញុំបានបន្តសុំឱ្យមន្ត្រី Guinness យកពួកគេឱ្យនៅឆ្ងាយពីខ្ញុំ ព្រោះខ្ញុំខ្លាចជាន់ពួកគេដោយចៃដន្យខ្លាំងណាស់»។ មិនតែប៉ុណ្ណោះ លោក Kösen ដែលជាបុរសខ្ពស់ជាងគេបំផុតក្នុងពិភពលោកក៏បានបង្ហើបដែរថា នៅពេលលោកបានជួបមនុស្សទាបបំផុត លោកមិនអាចឮអ្វីដែលពួកគេនិយាយបាននោះទេ ដោយសារតែលោកមានកម្ពស់ខ្ពស់ពេក។
ដោយឡែក កាលពីឆ្នាំ ២០២២ Kösen ស្ទើរតែបាត់បង់តំណែងជាអ្នកខ្ពស់ជាងគេក្នុងពិភពលោក នៅពេលដែល Sulemana Abdul Samed មានអាយុ ២៩ ឆ្នាំមកពីប្រទេសហ្គាណា បានអះអាងថាមានកម្ពស់ ២.៨៩ ម៉ែត្រ ប៉ុន្តែក្រោយមកត្រូវបានគេបង្ហាញថា ឧបករណ៍វាស់កម្ពស់នោះមានបញ្ហា ទើប Kosen អាចរក្សាតំណែងរបស់លោកបានដដែល។
គួរបញ្ជាក់ដែរថា Kösen ក៏ធ្លាប់លើកឡើងពីបញ្ហានៃកម្ពស់របស់លោកផងដែរថា លោកមិនអាចទៅរៀនបាន ដោយសារលោកមិនអាចអង្គុយលើកៅអី ហើយមិនអាចធ្វើការបានក៏ដោយសារតែកម្ពស់ ប៉ុន្តែបច្ចុប្បន្នប្រភពចំណូលចម្បងរបស់លោកគឺបានមកកំណត់ត្រា ដែលលោកបានកាន់តំណែង និង ការធ្វើដំណើរជុំវិញពិភពលោក។ ចំណែកឯ Chandra Bahadur Dangi ដែលជាបុរសទាបជាងគេក្នុងពិភពលោកបានស្លាប់កាលពីឆ្នាំ ២០១៥ ហើយ បច្ចុប្បន្នអ្នកដែលកាន់តំណែងជាមនុស្សទាបជាងគេក្នុងពិភពលោកគឺ Jyoti Kishanji Amge ដែលជាតួសម្ដែងជនជាតិឥណ្ឌា និង មានកម្ពស់ ៦២.៨ សង់ទីម៉ែត្រ៕
ប្រភព៖ New York Post