ស្ទីលលើកនេះ សាមញ្ញតែឡូយ! ជី ដេវីត និង ទេព បូព្រឹក្ស ហោះទៅចូលរួមកម្មវិធីហ្វេហ្សិនរដូវក្តៅ ២០២៥ នៅអាមេរិក
កន្លងមក ពេលចូលរួមកម្មវិធីហ្វេហ្សិននៅបរទេស តារាចម្រៀង G-Devith និង ទេព បូព្រឹក្ស តែងរៀបចំខ្លួនប្លែកៗទៅតាមរសនិយមរបស់ម៉ាក ដែលមើលមកមានលក្ខណៈហ្វេហ្សិនលំដាប់ខ្ពស់។ តែយ៉ាងណាមិញ ថ្មីៗនេះ អ្នកទាំងពីរបានបង្ហាញខ្លួននៅទីក្រុងញ៉ូវយក ជាមួយការស្លៀកពាក់បែបសាមញ្ញ មើលមកយុវវ័យប្លែកមួយបែប។
តាមការបង្ហោះនៅលើបណ្តាញសង្គម G-Devith បានតុបតែងខ្លួនបែបងាយៗ និង ផាសុកភាព ក្នុងសម្លៀកបំពាក់ខោកាគី ជាមួយអាវសឺមីសដៃវែង និង មានពាក់អាវក្រ័រសេពីលើ។ បន្ថែមភាពទាក់ទាញ លោកបានប្រើគ្រឿងលម្អដូចជា វែនតាពណ៌ស នាឡិកាដៃ ចិញ្ចៀនកូនដៃ និង ស្បែកជើងប៉ាត់តាផងដែរ។
ចំណែក ទេព បូព្រឹក្ស វិញ នាងប្រើឈុតអាវធំដូចគ្នា និង មានអាវយឺតពីក្នុង។ ជាមួយអាវធំនេះ នាងប្រើសំពត់ខ្លី និង ស្បែកជើងកែងស្បែកពណ៌ខ្មៅ មើលមកក្មេងវ័យ គួរឱ្យស្រលាញ់បំផុត។ ក្នុងឈុតលើកនេះ អ្នកទាំងពីរមើលមកស្អាតសមសួនបែបការិយាល័យផង និង បែបនិស្សិតសាកលវិទ្យាល័យផងដែរ។
គួរឱ្យដឹងដែរថា ជាមួយឈុតនេះ G-Devith និង ទេព បូព្រឹក្ស បានរៀបចំខ្លួនចូលរួមកម្មវិធីបង្ហាញខូឡិកហ្សិន New York Fashion Week ដែលជាការបង្ហាញខូឡិកហ្សិនសម្រាប់ និទាឃរដូវ និង រដូវក្តៅឆ្នាំ ២០២៥។ បើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ ទេព បូព្រឹក្ស អំឡុងស្ថិតនៅលើទឹកដីអាមេរិកនេះ ក៏ចំពេលគម្រប់ខួបដែលអ្នកទាំងពីរស្រលាញ់គ្នាបាន ៨ ឆ្នាំផងដែរ៕