ខ្លោចចិត្ត! កំពុងទីទ័លលំបាក សឿ សុធារ៉ា ត្រូវមកជួបទុក្ខធំ និង ត្រូវរ៉ាប់រងបុណ្យសពជូនបងស្រីតែម្នាក់ឯង
វាសនាមនុស្សម្នាក់ៗមើលមិនឃើញហើយ ចំណែកឯសង្ខារកាន់តែមិនទៀងទាត់ គ្មានអ្នកណាម្នាក់គេចផុតពីសេចក្ដីស្លាប់បានទេ តែវាសនាបានលេងសើចចំពោះឆាកជីវិតអ្នកនាង សឿ សុធារ៉ា ខ្លាំងណាស់ ដោយក្នុងរយៈពេល ២ ឆ្នាំ តារាស្រីរូបនេះ ត្រូវមនុស្សជាទីស្រឡាញ់មានម្ដាយ ឪពុក និង បងស្រីលាចាកលោកចោលម្ដងម្នាក់ៗគួរឱ្យស្រណោះបំផុត។
គេចាំបានថា កាលម្ដាយរបស់នាងចែកឋាន តារាស្រីរូបនេះរងការវាយប្រហារផ្លូវចិត្តយ៉ាងខ្លាំង ហើយរំលងមិនយូរប៉ុន្មាន ឪពុករបស់នាងក៏ទទួលមរណភាពម្នាក់ទៀត។ មិនទាន់ធ្វើចិត្តទទួលយកការលាចាកលោករបស់ឪពុកម្ដាយផង ស្រាប់តែនៅយប់ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៤ នេះ បងស្រីជាទីគោរពស្រឡាញ់របស់នាង ក៏បានលាចាកលោកម្នាក់ទៀត ហើយបន្ទុកគ្រប់បែបយ៉ាងក៏ត្រូវធ្លាក់មកលើនាងបន្តបន្ទាប់តែម្នាក់ឯង។
ដូចប្រិយមិត្តបានជ្រាបហើយថា ពីអតីតកាល អ្នកនាង សឿ សុធារ៉ា គឺជាតារាភាពយន្តស្រីដ៏ល្បីល្បាញ ដោយនាងមានទាំងរូបសម្រស់ និង ទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងវិស័យសិល្បៈ ធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់នាងឡើងខ្ពស់ត្រដែត មានតែមនុស្សស្រឡាញ់ចូលចិត្ត មានជីវិតរស់នៅស្ដុកស្ដម្ភ មានគ្រួសារដ៏កក់ក្ដៅ ប៉ុន្ដែត្រឹមរយៈពេលប៉ុន្មានឆ្នាំ ឆាកជីវិតដែលពេញលេញទាំងនោះ បានរសាត់ឆ្ងាយប្រៀបដូចផេះផង់ ដោយបច្ចុប្បន្នតារាស្រីរូបនេះ បាត់បង់សឹងគ្រប់យ៉ាងទាំងទ្រព្យសម្បត្តិ និង គ្រួសារ នៅសល់តែកូនប្រុសស្រី ២ នាក់ ជាកម្លាំងចិត្តឱ្យនាងប្រឹងប្រែងរស់នៅបន្ត៕