ច្បាស់ៗ ពលរដ្ឋដែលដាក់ប្រព័ន្ធអគ្គិសនីពន្លឺព្រះអាទិត្យក្នុងកម្រិតនេះ មិនរងការប៉ះពាល់ពីវិធានថ្មីរបស់អាជ្ញាធរអគ្គិសនីកម្ពុជាទេ
កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹងមួយដល់សាធារណជនស្តីពីអ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និង ប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល (សូឡា) ដែលពុំមានការអនុញ្ញាត ឱ្យអញ្ជើញមកដាក់ពាក្យស្វ័យប្រកាស ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៤។
តាមរយៈសេចក្ដីជូនដំណឹង បានបញ្ជាក់ឱ្យដឹងថា អ្នកប្រើប្រាស់អគ្គិសនីទាំងអស់ ដែលបានដំឡើង និង ប្រើប្រាស់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល ដែលពុំមានការអនុញ្ញាត ឬ ពុំទាន់បានចុះកិច្ចសន្យាប្រើប្រាស់ថ្លៃថាមពលពន្លឺព្រះអាទិត្យលើដំបូលជាមួយអ្នកផ្គត់ផ្គង់ សូមអញ្ជើញមកដាក់ពាក្យស្វ័យប្រកាសពីការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យរបស់ខ្លួន ដូចមានក្នុង QR កូដ ភ្ជាប់ជូន នៅទីស្នាក់ការរបស់អគ្គិសនីកម្ពុជា ឬ ទីស្នាក់ការរបស់អ្នកផ្គត់ផ្គត់អគ្គិសនីឯកជន ដែលឋិតនៅក្នុងតំបន់ដែលខ្លួនកំពុងប្រើប្រាស់។
យ៉ាងណាមិញ បន្ទាប់ពីមានការចេញសេចក្តីជូនដំណឹងនេះហើយ គេសង្កេតឃើញនៅតាមបណ្តាញសង្គមបានផ្ទុះការវែកញែកយ៉ាងច្រើនជុំវិញបញ្ហានេះ ដោយមានការលើកឡើងផ្សេងៗគ្នា និង ថែមទាំងបានចោទជាសំណួរដល់មន្ត្រីពាក់ព័ន្ធឱ្យចេញបកស្រាយដើម្បីបញ្ជាក់លម្អិតលើបញ្ហានេះផងដែរ ចៀសវាងការយល់ច្រឡំ។
បន្ទាប់ពីមានការចោទជាសំណួរ និង ទទូចសុំឱ្យមានការបកស្រាយនោះ ថ្មីៗកន្លងទៅនេះ ទាំងអាជ្ញាធរអគ្គិសនីកម្ពុជា និង រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល ក៏បានចេញបកស្រាយលម្អិតបញ្ជាក់ជុំវិញបញ្ហានេះផងដែរ ដើម្បីឱ្យពលរដ្ឋមានយល់បានកាន់តែច្បាស់ និង ចៀសវាងការយល់ច្រឡំបន្តទៅទៀត។
ក្រោយពីបកស្រាយជាបន្តបន្ទាប់ នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៤ កន្លងទៅនេះទៀត អាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានចេញសេចក្តីបំភ្លឺជាថ្មី សរុបមាន ៧ ចំណុច ដោយនៅក្នុងនោះត្រង់ចំណុចទី ៦ គឺបានពន្យល់យ៉ាងច្បាស់លើបញ្ហាថ្លៃប៉ះប៉ូវ និង ទំហំប្រើប្រាស់។
តាមសេចក្តីបំភ្លឺនីចំណុចទី ៦ បានបញ្ជាក់ឱ្យដឹងថា ចំពោះថ្លៃប៉ះប៉ូវដែលអាជ្ញាធរអគ្គិសនីកម្ពុជាគ្រោងនឹងអនុវត្តនៅពេលខាងមុខ គឺនឹងអនុវត្តចំពោះតែអ្នកប្រើប្រាស់ធំៗ ដូចជា រោងចក្រឧស្សាហកម្ម ពាណិជ្ជកម្ម សណ្ឋាគារ ឬ អគារធំៗ ដែលចង់ដាក់ដំឡើង ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យធុនមធ្យម និង ធំប៉ុណ្ណោះ ប៉ុន្តែនឹងមិនមានយកថ្លៃប៉ះប៉ូវចំពោះប្រជាពលរដ្ឋ ទូទៅដែលដាក់ដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូលគេហដ្ឋាន ឬ ទីតាំងអាជីវកម្ម ដែលមានអានុភាពមិនលើសពី ១០គីឡូវ៉ាត់ ឬ ដែលស្មើនឹងការដាក់ដំឡើងផ្ទាំងសូឡាធុនធំប្រហែល ១៦ ផ្ទាំង ឬ ធុនមធ្យមប្រហែល ២០ ផ្ទាំង ដែលគ្របដណ្តប់លើដំបូលទីតាំងប្រហែលពី ១២០ ទៅ ២០០ ម៉ែត្រការ៉េ ឡើយ។
ដូចនេះ ការដាក់ប្រព័ន្ធនានាមិនភ្ជាប់ជាមួយបណ្តាញជាតិ និង ការដាក់ប្រព័ន្ធតូចៗតាមលំនៅឋាន ឬ ទីតាំងអាជីវកម្ម ទោះភ្ជាប់ជាមួយបណ្តាញជាតិដែលមានកម្រិតក្រោម ១០ គីឡូវ៉ាត់ មិនជាប់ការបង់ថ្លៃ អគ្គិសនីបម្រុង ឬ ប៉ះប៉ូវនោះទេ។ ដូចនេះ ប្រជាពលរដ្ឋជាង ៩៥% ដែលប្រើប្រាស់អគ្គិសនីសម្រាប់លំនៅឋាន និង ទីតាំងអាជីវកម្មនឹងមិនរងការប៉ះពាល់ពីវិធានការរបស់អាជ្ញាធរអគ្គិសនីថ្មីខាងលើនោះឡើយ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖