កំពូលអ្នកចាំទីរូបសង្ហា យូ អាឡិច ឃើញនិយាយខ្មែរមិនច្បាស់ ម្នាក់ៗច្រឡំកូនកាត់តាមពិតមិនមែនសោះ
ឱ្យតែឮពាក្យ «អ្នកទាំងអស់យើង» ប្រិយមិត្តគ្រប់គ្នាប្រាកដជាស្គាល់ច្បាស់ថាជាសម្តីរបស់អ្នកណា។ ជាការពិតណាស់ ពាក្យនេះតែងត្រូវបាននិយាយបើកក្បាលវីដេអូនៅលើបណ្តាញសង្គម TikTok ដោយបុរសរូបសង្ហាម្នាក់ ដែលគ្រប់គ្នាស្គាល់ថា ជាអតីតអ្នកចាំទីក្លឹបបាល់ទាត់ភ្នំពេញក្រោននោះគឺ លោក យូ អាឡិច (Alex You)។
ទាក់ទិននឹងអាជីពជាអ្នកចាំទីក្នុងវិស័យបាល់ទាត់ បច្ចុប្បន្ន លោក អាឡិច បានផ្អាកលែងប្រឡូកដូចមុនទៀតហើយ ប៉ុន្តែលោកបានងាកមកសកម្មនៅក្នុងវិស័យម៉ូដ និង សម្តែងវិញម្តង។ ជាក់ស្តែង កន្លងមកលោករមែងលេចមុខក្នុងការថតសម្តែងផ្សេងៗ ការថតស្ពតពាណិជ្ជកម្ម ថតម៉ូដ និង ដើរបង្ហាញខូឡិកហ្សិនសម្លៀកបំពាក់ឱ្យប្រ៊េនល្បីៗជាច្រើនទាំងក្នុង និង ក្រៅស្រុក។
ជាមួយមុខមាត់សង្ហាមើលមកស្អាតបែបអឺរ៉ុបផង និង អាស៊ីផង ជាពិសេសពេលនិយាយម្តងៗមិនសូវជាច្បាស់ កន្លងមកប្រិយមិត្តភាគច្រើនតែងតែគិតថារូបលោកជាកូនកាត់ដែលមានឪពុកឬម្តាយជាជនជាតិបរទេស តែតាមពិតទៅគឺមិនមែននោះទេ។
ជាក់ស្តែង តាមរយៈបទសម្ភាសបែប Podcast មួយ ដែល លោក យូ អាឡិច បានជជែកគ្នាជាមួយគ្រូហាត់ប្រាណម្នាក់ លោកបានលើកឡើងអំពីប្រវត្តិរបស់ខ្លួន ដែលតាមពិតទៅលោកមានឪពុកម្តាយជាជនជាតិខ្មែរសុទ្ធសាធ។ គ្រួសាររបស់លោកបានទៅរស់នៅប្រទេសបារាំង ហើយលោកបានរស់នៅទីនោះតាំងតែពីតូច។ លោកបានចាប់ផ្តើមអាជីពទាត់បាល់តាំងតែពីអាយុ ៥ ឆ្នាំ។ អាជីពនេះលោកស្រលាញ់ខ្លួនឯងផង និង មានការជំរុញពីឪពុកផង។ លោកថាឪពុករបស់លោកស្រលាញ់បាត់ទាល់ខ្លាំង តែគាត់មិនមានសំណាងបានក្លាយជាកីឡាករអាជីព ដូច្នេះគាត់ក៏ជំរុញឱ្យលោកចូលអាជីពបាល់ទាត់ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន។ នៅអាយុ ១២ ឆ្នាំ លោក យូ អាឡិច ត្រូវបានគេជ្រើសរើសយកទៅបណ្តុះបណ្តាលក្លាយជាកីឡាករអាជីព។ ក្រោយមកតាមរយៈអាជីពមួយនេះ វាបាននាំលោកមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៨ រួចបានចាប់ផ្តើមជីវិតរស់នៅទីនេះមកដល់សព្វថ្ងៃ៕